ការប្រមូលផលស្វាយចន្ទីសម្រេចបាន ៨៧ ម៉ឺនតោន ក្នុងរយៈពេល ៨ ខែ

2024-09-11
39

គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៤ ការប្រមូលផលស្វាយចន្ទីកម្ពុជា​សម្រេច​បាន​ប្រមា​ណ​ ៨៧ ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាមជិត ៨០ ម៉ឺនតោន គិតជាទឹក​ប្រាក់​ប្រមា​ណ​ ១ ពាន់ ២ រយលានដុល្លារ។ នេះបើយោងតាមសមាគមស្វាយចន្ទីកម្ពុជា។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ថា នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា រយៈពេល ៨ ខែកន្លងមកនេះ ទិន្នផលដែលប្រមូលបានប្រមាណ ៨៧ ម៉ឺនតោន នៃការផលិតទូទៅ ក្នុងនោះនាំចេញទៅវៀតណាមប្រមាណ ៨០ ម៉ឺនតោន ដែលមានទឹក​ប្រាក់​ប្រមាណ ១ ពាន់ ២ រយលានដុល្លារ។

លោក អួន ស៊ីឡុត បានឱ្យដឹងថា៖ «នៅពេលស្វាយចន្ទីធ្លាក់ថ្លៃ នៅចុងខែកុម្ភៈ ឆ្នាំនេះ សមាគម​បាន​ប្រកាសឱ្យសមាជិករបស់ខ្លួនចាប់ផ្ដើមហាលគ្រាប់ទុក ដើម្បីកុំឱ្យគាត់លក់ប្រជែង​ជាមួយ​កសិករ​​​ទូទៅ ហើយនៅពេលដែលគាត់ហាលទុក ធ្វើឱ្យលំហូរ​គ្រាប់ស្រស់​ថយចុះរហូតដល់ ៣២% ដែលធ្វើឱ្យតម្លៃគ្រាប់សើមចាប់ផ្ដើមកើនឡើង យើងគិតថា រយៈពេល ១៥ ឆ្នាំនេះ មិន​ដែល​ឡើងថ្លៃនៅខែមេសាទេ ប៉ុន្តែដោយសារការរួបរួមគ្នារវាងសមាជិក និងសមាគម​ក្នុងការមើល​ទីផ្សារ ការវាយតម្លៃត្រឹមត្រូវ ធ្វើឱ្យកសិករទទួលផល»។​

បច្ចុប្បន្នតម្លៃគ្រាប់ស្វាយចន្ទីបានធ្លាក់ចុះ​បន្តិច ដោយលក់បាន ១៥៧០ ដុល្លារ ក្នុងមួយតោន។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាមានផ្ទៃដីដាំចន្ទីដាំចន្ទី ៧០ ម៉ឺនហិកតា ក្នុងនោះផ្ទៃដីដែលប្រមូលផលចំនួន ៥៨ ម៉ឺន ហិកតា និងជាង ១០ ម៉ឺនហិកតាទៀត​ជាផ្ទៃដី​ដាំ​ដុះ​ថ្មី​៕