ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានទឹកប្រាក់ជាង $១០ ពាន់លាន នៅក្នុងរយៈពេល ៨ ខែ

2024-09-11
35

នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានទឹកប្រាក់ជាង ១០ ពាន់លានដុល្លារ កើនឡើងពី ៨ ពាន់លានដុល្លារ នៅក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ស្មើនឹង ២៤,៥ ភាគរយ។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​​​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

ទិន្នន័យរបស់​អគ្គនាយកដ្ឋាន​គយ និង​​​រដ្ឋាករ​កម្ពុជា បានបង្ហាញថា ចាប់ពីខែមករា-ខែសីហា ឆ្នាំ ២០២៤ ការនាំចេញ-នាំចូលទំនិញ​រវាង​ប្រទេស​​​​​ទាំងពីរមានទឹកប្រាក់សរុប ១០,០៧ ពាន់លានដុល្លារ កើនឡើង ២៤,៥ ភាគរយ ក្នុងនោះកម្ពុជានាំទំនិញទៅចិន មានតម្លៃ ១,១៤ ពាន់លាន ដុល្លារ និង​ទំនិញចិននាំចូលមកកម្ពុជាតម្លៃ ៨,៩២ ពាន់លានដុល្លារ កើន ២៤,៨ ភាគរយ។

ចំនួននេះបង្ហាញថា ឱនភាពពាណិជ្ជកម្មរវាងកម្ពុជា-ចិន បានកើនឡើងដល់ជាង ១០% ដែលមានទឹកប្រាក់ ៧,៧៧ ពាន់លានដុល្លារ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជា យល់ឃើញថា ការនាំចូលពីប្រទេសចិនច្រើន ប៉ុន្តែផលិតកម្មចិនក៏មានច្រើននៅកម្ពុជា ដូចជារោងចក្រកាត់ដេរ រោងចក្រឧស្សាហកម្មផ្សេងៗទៀត ដែលទូរទាត់ទៅ មិនទាន់មានឱនភាពខ្ពស់នោះទេ។

លោកបណ្ឌិត ហុង វណ្ណៈ បន្តថា ទោះបីកម្ពុជាបានចុះកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយប្រទេសចិនក៏ដោយ ក៏ឱនភាព​ពាណិជ្ជ​កម្ម នៅតែបន្តកើតមាន ដោយសារតម្រូវការនៅកម្ពុជា មានតម្រូវការធំពីប្រទេសចិន ដែលមានសម្ភារ​បរិក្ខាផ្សេងៗ។

លោកថា តម្រូវការ វត្ថុធាតុដើម សម្ភារ ពីប្រទេសចិនធូរថ្លៃជាងគេ បើប្រៀបធៀបជាមួយអាស៊ាន ហើយសម្ភារវត្ថុធាតុដើមសម្លៀកបំពាក់ក៏មានច្រើន។ ក្រៅពីនេះ កសិផលហូបចុក ផ្លែឈើ និងគ្រឿងទេស ក៏មានតម្លៃដែលអាចទទួលយកបាន ដែលឆ្លើយតបទៅនឹងជីវភាពប្រជាជនកម្ពុជា។

លោកបណ្ឌិត ហុង វណ្ណៈបញ្ជាក់ថា ទំនិញមកពីអាមេរិក អង់គ្លេស ជប៉ុន កូរ៉េខាងត្បូង សុទ្ធតែមានតម្លៃថ្លៃ ខណៈលទ្ធភាពប្រជាជនកម្ពុជាមិនទាន់អាចមានលទ្ធភាប្រើប្រានច្រើនទេ ដែលវាមានចំណែកទីផ្សារណាមួយសមស្រប។

ទោះជាយ៉ាងណា លោកបណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់ថា កម្ពុជាក៏មានភព្វសំណាងដែរ ដែលមានកិច្ចសហប្រតិបត្តិការ​ជាមួយប្រទេសចិន ដែលកម្ពុជាអាចទាក់ទាញវិនិយោគិនចិនមកវិនិយោគ និងនាំផលិតផលពីកម្ពុជាត្រឡប់ទៅវិញ រីឯផលិតផលមកពីចិនក៏កម្ពុជានៅតែទទួលទិញយកមកប្រើប្រាស់តាមតម្រូវការ។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា រដ្ឋាភិបាលកំពុងខិតខំបន្តធ្វើពិពិធកម្មទីផ្សារ តាម​រយៈការ​ចរ​ចារ​​​បង្កើត​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (RCEP) និងការធ្វើពិពិធកម្មមុខ​ទំនិញនាំចេញ​ឱ្យរក្សា​អាទិ​ភាព​ចំពោះទំនិញនាំចេញក្រៅពីកសិផលយើងមានដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប ទោចក្រ​យានយន្ត គ្រឿងបន្លាស់ គ្រឿងបង្គុំ និងទំនិញកសិផលកែច្នៃជាច្រើនទៀត ដើម្បីបង្កើននូវផលិត​ភាពនៃផលិតកម្ម៕