កម្ពុជា និង​ហ្វី​លី​ពី​ន​ ឯកភាព​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឱ្យ​កាន់តែល្អ​ប្រសើរ

2024-09-12
31

រាជធានីភ្នំពេញ ​៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក​ជំទាវ​ហ្លើ​រី​ដា អាន ខេ​មៀ​ល ភី ម៉ា​យូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូត​ហ្វី​លី​ពី​ន​ប្រចាំ​នៅ​កម្ពុជា បាន​ឯកភាព​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ និង​រីក​ចម្រើន​បន្ថែម​ទៀត ​។ ការ​បញ្ជាក់​យ៉ាងដូច​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​កាលពី​ថ្ងៃ​ពុធ ទី ​១១ ខែកញ្ញា ឆ្នាំ​ ២០២៤ នៅ​ឯ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។

ក្នុង​ជំនួប​នោះ សម​ភាគី​ទាំង​ពីរ​បាន​ជជែក​ពី​ផ្លែផ្កា​នៃ​កិច្ចសហការ​កន្លង​មក​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​តាម​រយៈ​ស្ថាប័ន​ជំនាញ​បាន​អនុវត្ត និង​សម្រេច ​។ ក្នុង​ជំនួប​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ហ្វី​លី​ពី​ន​លើ​វិស័យ​ការងារ និង​សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឱ្យ​ជោគជ័យ​ដើម្បី​ផ្តល់​ផលប្រយោជន៍ និង​ផ្លែផ្កា​ជូន​ប្រជាពលរដ្ឋ​ ។

បន្ថែម​ពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ ក៏​បាន​ពេញចិត្ត​ចំពោះ​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​នៃ​ទំនាក់ទំនង និង​កិច្ចសហការ​គ្រប់​វិស័យ​របស់​ប្រទេស​ទាំង​ពីរ​ដែល​បាន​បង្កើត​ឱកាស​ឱ្យ​មាន​កិច្ចសហការ​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​បាន​ជួយ​បណ្តុះបណ្តាល និង​អភិវឌ្ឍ​សមត្ថភាព​កម្លាំង​ពលកម្ម​ក្នុង​ទីផ្សារ​ ។

ដោយឡែក​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​វិញ បាន​ថ្លែង​កោតសរសើរ​ពី​ការ​ដឹកនាំ​យ៉ាង​ប៉ិន​ប្រសប់​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា បាន​ដឹកនាំ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ ។ ទន្ទឹម​នេះ លោក​ជំទាវ​ឯកអគ្គរដ្ឋទូត ក៏​បាន​អរគុណ​រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ​បាន​ជួយ​សម្របសម្រួល​ដល់​ពលរដ្ឋ​ហ្វី​លី​ពី​ន​ដែល​កំពុង​រស់នៅ និង​ធ្វើការ​ក្នុង​ប្រទេស​កម្ពុជា ​៕