ម្ចាស់សហគ្រាស នឹងត្រូវប្រឈមការផាកពិន័យតាមច្បាប់បើមិនបានស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេស

2024-09-12
32

ម្ចាស់ ឬនាយកសហគ្រាសគ្រឹះស្ថានត្រូវដាក់ពាក្យស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេស ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្មបរទេស (The Foreign Workers Centralized Management System – FWCMS) តាមរយៈគេហទំព័រ www.fwems.mlvt.gov.kh។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងទើបទទួលបាននៅថ្ងៃទី១២កញ្ញានេះថា ក្នុងករណីមិនបានស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេសតាមកាលបរិច្ឆេទកំណត់ ម្ចាស់ ឬនាយកសហគ្រាសគ្រឹះស្ថានដែលប្រើប្រាស់ហត្ថពលកម្មបរទេស ត្រូវទទួលរងការផាកពិន័យភ្លាមៗពីអធិការការងារ។ម្ចាស់ ឬនាយកសហគ្រាសគ្រឹះស្ថានដែលប្រើប្រាស់ហត្ថពលកម្មបរទេសដោយគ្មានលិខិតអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេសត្រូវចាត់ទុកថា ល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដែលត្រូវផ្តន្ទាទោសតាមជំពូកទី១៦ នៃច្បាប់ស្តីពីការងារ។

លោករដ្ឋមន្ត្រីបានបន្តថា ចំពោះសហគ្រាស គ្រឹះស្ថានដែលបើកដំណើរការក្រោយកាលបរិច្ឆេទនេះ ហើយមានតម្រូវការប្រើប្រាស់ហត្ថពលកម្មបរទេសអាចស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេសភ្លាមៗ បន្ទាប់ពីសហគ្រាស គ្រឹះស្ថាននោះមាន ដំណើរការ។ លោករដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់នឹងអនុវត្តឱ្យបានត្រឹមត្រូវតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព។

អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គិតត្រឹមខែមីនា ឆ្នាំ២០២៤ មានជនបរទេសចំនួន ២៧០ ០៥៧នាក់ ដែលមាន ១៦១សញ្ជាតិ កំពុងធ្វើការលើវិស័យផ្សេងៗនៅកម្ពុជាដែលបានចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិកាន់តែប្រសើរ។ ជនបរទេសធ្វើការច្រើនជាងគេមានដូចជាជនជាតិចិន ឥណ្ឌូនេស៊ី វៀតណាម ថៃ ហ្វីលីពពីណូ ចិនតៃវ៉ាន់ ម៉ាឡេស៊ី ឥណ្ឌា កូរ៉េខាងត្បូង និងជនជាតិផ្សេងៗទៀតដោយធ្វើការលើផ្នែកសណ្ឋាគារ និងភោជនីយដ្ឋាន ការអប់រំ សំណង់ កសិកម្ម ប្រមាញ់ វនវប្បកម្ម (បច្ចេកទេសការដាំដុះ ថែរក្សាពូជឈើ ) សកម្មភាពនិស្សារណកម្ម (ប្រេងកាត ធ្យូងថ្មដែក ) សកម្មភាពនៃផលិតកម្ម (ផលិតកម្មថ្នាំជក់ ស្បៀងអាហារ ភេសជ្ជៈ វាយនភណ្ឌ រថយន្ត កៅស៊ូ ) អន្ដរការហិរញ្ញវត្ថុ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រុមហ៊ុន ឬហាងទទួលបញ្ចាំ ការធានារ៉ាប់រងទូទៅ ការធានារ៉ាប់រងអាយុជីវិត)៕