រោងចក្រសំបកកង់រថយន្តចំនួនពីរបន្ថែមទៀតនឹង​មានវត្តមាននៅលើទីផ្សារកម្ពុជា

2024-09-12
34

ទីផ្សារសំបកកង់រថយន្តកម្ពុជាគ្រោងនឹងឃើញនូវវឌ្ឍនភាពថ្មីបន្ថែមទៀត ខណៈដែលរោងចក្រផលិតសំបកកង់រថយន្តថ្មីចំនួនពីរដែលមានទុនវិនិយោគសរុបជិត៧០០ លានដុល្លារបានឈានជើងចូលទៅក្នុងទីផ្សារ។ គម្រោង​វិនិយោគ​រោងចក្រ​ផលិត​សំបក​កង់​ទាំងពីរ​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា អនុម័ត​កាលពី​ខែសីហា ឆ្នាំ​២០២៤។

យោងតាមក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​ គម្រោងវិនិយោគនេះ គឺបង្កើតរោងចក្រផលិតសំបកកង់រថយន្ត ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស ស្រុកស្នួល ខេត្តក្រចេះ ដែលមានទុនវិនិយោគចំនួន ៤៣០លានដុល្លារ និងអាចបង្កើតការងារបានជិត ២០០០កន្លែង។

គម្រោងវិនិយោគទី២ គឺបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត ខេត្តស្វាយរៀង ដែលមានទុនវិនិយោគចំនួន ២៥៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥០០កន្លែង។

លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា លំហូរនៃការវិនិយោគនេះ ត្រូវបាន រំពឹងថាមិនត្រឹមតែបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបង្កើតទីផ្សារសម្រាប់ម្ចាស់ចម្ការកៅស៊ូ និងកសិករ ដែលរហូតមកដល់ពេលនេះពឹងផ្អែកលើការនាំចេញជ័រកៅស៊ូរបស់ពួកគេ។

លោកបាន​ប្រាប់កាសែត​ខ្មែរថាមស៍ថា​ «​ប្រសិនបើ​មាន​តម្រូវការ​កៅស៊ូ​ពី​រោងចក្រ​កៅស៊ូ​ក្នុងស្រុក វា​នឹង​ជួយ​បង្កើត​ទីផ្សារ​ក្នុង​ប្រទេស​ដល់​កសិករ និង​ម្ចាស់​ចម្ការ និង​ក្រុមហ៊ុន​ដើម្បី​លក់​កៅស៊ូ​ឆៅ​របស់​ពួកគេ​»​។

លោកបានបន្តថា វានឹងមិនត្រឹមតែបង្កើនចំនួនអ្នកដាំកៅស៊ូប៉ុណ្ណោះទេ ថែមទាំងទាក់ទាញអ្នកវិនិយោគបរទេសបន្ថែមទៀត ឱ្យមកដាំកៅស៊ូនៅកម្ពុជា ដែលអាចពង្រីកផ្ទៃដីបាន។ ផ្ទៃដីចម្ការ​កៅស៊ូ​ក៏​មាន​ការ​កើន​ឡើង​ផងដែរ។

បច្ចុប្បន្ន​កម្ពុជា​មាន​រោងចក្រ​ផលិត​សំបក​កង់រថយន្តចំនួន​បី​ដែល​កំពុង​ដំណើរការ​នៅ​ខេត្ត​ស្វាយរៀង ព្រះសីហនុ និង​ក្រចេះ។

យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កម្ពុជាបាននាំចេញសំបកកង់រថយន្តមានតម្លៃ ៣០៨លានដុល្លារក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៤ ដែលឆ្លុះបញ្ចាំងពីការកើនឡើងគួរឱ្យកត់សម្គាល់ចំនួន ២០៤ភាគរយបើធៀបនឹងចំនួន ១០១ លានដុល្លារដែលបានកត់ត្រាក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កម្ពុជាបានដាំដើមកៅស៊ូលើផ្ទៃដីសរុបចំនួន ៤០៧.១៧២ ហិកតា ក្នុងនោះដើមកៅស៊ូនៅលើផ្ទៃដីចំនួន ៣២០.១៨៤ ហិកតា ស្មើនឹង ៧៨.៦ ភាគរយ អាចប្រមូលផលបាន។

របាយការណ៍បានឱ្យដឹងថា ជ័រកៅស៊ូធម្មជាតិជាង ១៧៣.៩១៥ តោនត្រូវបាននាំចេញក្នុងរយៈពេល៧ ខែដំបូងនៃឆ្នាំ២០២៤ កើនឡើង ១.៧២ ភាគរយពី ១៧០.៩៦៨ តោនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កម្ពុជានាំចេញទំនិញកៅស៊ូភាគច្រើនទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។