វិនិយោគិនកូរ៉េខាងត្បូង គ្រោងពង្រីករោងចក្រខ្សែបង្គុំគ្រឿងអេឡិចត្រូនិចរថយន្ត នៅខេត្តកំពង់ស្ពឺបន្ថែមទៀត ដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ

2024-09-13
38

នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី១០ ខែកញ្ញាម្សិលមិញនេះ អ្នកតំណាងក្រុមហ៊ុនយូរ៉ាហានេស(ខេមបូឌា)របស់ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងពង្រីករោងចក្រខ្សែបង្គុំអេឡិចត្រនិចរថយន្តក្នុងខេត្តកំពង់ស្ពឺបន្ថែមទៀត ដើម្បីបង្កើតការងារឱ្យការកាន់តែសំបូរបែបសម្រាប់បងប្អូនប្រជាពលរដ្ឋ និងបង្កើនប្រាក់ខែឱ្យកាន់ខ្ពស់ផងដែរ។

សូមបញ្ជាក់ជូនថា រោងចក្រខ្សែបង្គុំអេឡិចត្រនិចរថយន្តយូរ៉ាហានេស(ខេមបូឌា) បានកើតឡើងរយៈពេលជាង៥០ឆ្នាំមកហើយ។ បច្ចុប្បន្នក្រុមហ៊ុននេះកំពុងបន្តពង្រីកវិសាលភាពរបស់ខ្លួនទៅតាមប្រទេសមួយចំនួនពិសេសប្រទេសកម្ពុជា ដែលមានខេត្តកំពង់ស្ពឺជាខេត្តគោលដៅ ហើយបានដាក់ទុនវិនិយោគប្រមាណជាង១៥លានដុល្លាសហរដ្ឋអាមេរិក។ ទន្ទឹមនិងការបើកទ្វាររោងចក្រខ្សែង្គុំនេះ ក្រុមហ៊ុនបានស្រូបទាញកម្លាំងពលកម្ម១២០០នាក់ក្នុងនោះមាន៧នាក់ជាជនបរទេស។

ឆ្លៀតនាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបង្ហាញពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ ដោយបានបញ្ជាក់ថា នៅឆមាសទី១ ក្នុងឆ្នាំ២០២៤ ខេត្តកំពង់ស្ពឺ មានរោងចក្រចំនួន៣០បានបើកទ្វារដំណើរការ និងមានរោងចក្រជាច្រើនផ្សេងទៀតកំពុងសាងសង់។ បច្ចុប្បន្នខេត្តកំពង់ស្ពឺមានរោងចក្រប្រមាណ៤២៣កន្លែង និងមានសហគ្រាសធុនតូច និងមធ្យមប្រមាណ១០០០កន្លែង មានកម្មករ-កម្មការិនីជាង២សែននាក់កំពុងធ្វើការ។

ឯកឧត្តមបណ្ឌិត បានរំលឹកថានៅក្នុងងឆ្នាំ១៩៩៣ កម្ពុជា មានរោងចក្រសហគ្រាសត្រឹមតែ៥១សហគ្រាសប៉ុណ្ណោះ តែបើគិតមកដល់ត្រឹមខែកញ្ញាឆ្នាំ២០២៤ ប្រទេសកម្ពុជា មានរោងចក្រសហគ្រាសប្រមាណ១៩៩៧រោងចក្រសហគ្រាស ដែលបង្កើតការងារដល់បងប្អូនប្រជាពលរដ្ឋខ្មែបានជាង១លាននាក់។ នេះបានឆ្លុះបញ្ចាំងពីតំលៃនៃសុខសន្តិភាពនិងស្ថេរភាពនយោបាយ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនតែប៉ុណ្ណោះក៏បង្ហាញពីទំនាក់ទំនងល្អនៃប្រទេសកម្ពុជា-កូរ៉េផងដែរ។

សូមជម្រាបជូនថា​ ក្រុមហ៊ុនហានេស(ខេមបូឌា)របស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣កន្លងទៅ ដែលស្ថិតក្នុងភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ៕