ស្ត្រីចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈតាម​សាលាបណ្ដុះបណ្ដាល​ហាក់មានការកើនឡើង

2024-09-17
24

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ១៧ កញ្ញា នេះ​ថា បច្ចុប្បន្ន​មាន​ស្ត្រី​ជាច្រើន​បាន​ចាប់អារម្មណ៍​ងាក​មក​ចុះ​ឈ្មោះ​សិក្សា​ទៅ​លើ​មុខជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ នៅ​តាម​សាលា​បណ្ដុះបណ្ដាល​នានា ពិសេស​ជំនាញ​មេកានិក​រថយន្ត។

លោក​បាន​បន្ត​ថា ជាក់ស្តែង​នៅក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស សម្រាប់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ​គិត​ត្រឹម​ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៤ ​មាន​សិស្ស​ចុះឈ្មោះ​ចូលរៀន​សរុប​ចំនួន ៥៧ ៤៦៨​ នាក់ (​ស្រី ២១ ៤៥៨ ​នាក់​) ក្នុង​នោះ​ក្រុម​គោលដៅ ចំនួន ២០ ៤៩៨ ​នាក់​ (​ស្រី ៩ ៣៣១​ នាក់​)។ សិស្ស​កំពុង​រៀន​ចំនួន ២៣ ៦៨២​ នាក់​ (​ស្រី ៩ ៧៩៥ នាក់​) ក្នុងនោះ​ក្រុម​គោលដៅ​ចំនួន ៩ ៩៨៧​ នាក់ (​ស្រី ៥១៩១ ​នាក់​)។ សិស្ស​បាន​បញ្ចប់​ការសិក្សា​សរុប​ចំនួន ៧ ១១០ ​នាក់ (​ស្រី ១ ៧២៦​ នាក់​) ​ក្នុងនោះ ​ក្រុម​គោលដៅ​ចំនួន ២ ៨០៦ ​នាក់​ (​ស្រី ១ ០៥២​ នាក់​) និង​សិស្ស​ទទួល​បាន​ការងារ​ធ្វើ​សរុប​ចំនួន ២ ១១៨​ នាក់​ (​ស្រី ៥២៤ ​នាក់​) ក្នុងនោះ​ក្រុម​គោលដៅ​ចំនួន ១ ០៣០ ​នាក់ (​ស្រី ៣០៧ ​នាក់​)។

លោក​បាន​ពន្យល់ថា ​ការដែល​ស្ត្រី​ចាប់អារម្មណ៍​រៀន​ជំនាញ​វិជ្ជាជីវៈ​នេះ​ ដោយសារតែ​ស្ត្រី​ និង​បុរស មាន​សិទ្ធិ​ស្មើគ្នា ​គឺ​បុរស​អាចធ្វើ​អ្វី​បាន ​ស្ត្រី​ក៏​អាច​ធ្វើបាន​ដូចគ្នា​ ហើយ​បច្ចុប្បន្ននេះ​ទីផ្សារការងារ​ដែល​បុរស​ធ្វើ ​ស្ត្រី​ក៏​អាច​ធ្វើបាន​ដូចគ្នា​ ដូចជា​មេកា​និក​រថយន្ត​ជាដើម​ មាន​ស្ត្រី​ចុះឈ្មោះ​ចូលរៀន​មានការ​កើនឡើង​ទ្វេដង។

លោក កត្តា អ៊ន បាន​បន្តទៀតថា ​កម្មវិធី​បណ្ដុះបណ្ដាល​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ប្រមាណ ១ លាន ៥ សែន​នាក់ នេះ ត្រូវបាន​រាជរដ្ឋាភិបាល​ប្រកាស​បើក​ជា​ផ្លូវការ​ កាលពី​ថ្ងៃ​ទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ និង​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​លើក​ទី ១ កាលពី​ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ​ដោយមាន​ជំនាញ​ចំនួន ​៤៥ បែងចែក​តាម​វិស័យ​ចំនួន ១០ រួមមាន សំណង់ អគ្គិសនី និង​ថាមពល , អេឡិចត្រូនិក , កម្មន្តសាល​, មេកានិច​ទូទៅ​/​មេកានិច​រថយន្ត , ធុរកិច្ច និង​ព័ត៌មាន​វិទ្យា​, សេវាកម្ម , បរិក្ខារ​ត្រជាក់ និង​កម្តៅ , ទេសចរណ៍ , និង​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម។

លោក កត្តា អ៊ន បាន​អំពាវនាវ​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​យុវជន​មកពី​គ្រួសារ​ងាយ​រង​ហានិភ័យ និង​យុវជន​ទូទៅ ចុះឈ្មោះ​ចូលរៀន​ជំនាញ​ឱ្យបាន​ច្រើន​បន្ថែម​ទៀត ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ​នាពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត។ ចំពោះ​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ចូលរៀន​មិន​ត្រឹមតែ​អត់​គិត​ថ្លៃ​ប៉ុណ្ណោះ​ទេ ថែមទាំង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រមាណ ២៨ ម៉ឺន​រៀល សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ពេល​កំពុង​សិក្សា ៤ ខែ ទៀត​ផង។ រីឯ​យុវជន​មកពី​គ្រួសារ​ធម្មតា ក៏​អាច​ចូល​សិក្សា​ដោយ​ឥតគិតថ្លៃ​ដែរ តែ​មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ដូច​យុវជន​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នោះ​ទេ៕