ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជាកើនឡើង២៣% ក្នុងរយៈពេល៨ ខែ

2024-09-17
26

ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ របស់កម្ពុជាបានកើនឡើង ២៣,៣៣ ភាគរយក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលរកចំណូលបានចំនួន ៩,០៨ប៊ីលានដុល្លារ នេះបើយោងតាមទិន្នន័យពាណិជ្ជកម្មចុងក្រោយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។

ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ដែលជាវិស័យរកប្រាក់ចំណូលច្រើនបំផុតពីការនាំចេញ សម្រាប់ព្រះរាជាណាចក្រកម្ពុជា បានងើបឡើងវិញនៅឆ្នាំនេះ បន្ទាប់ពីបានធ្លាក់ចុះជាបន្តបន្ទាប់អស់រយៈពេលជិត ១៨ ខែ ចាប់ពីពាក់កណ្តាលឆ្នាំ២០២២ រហូតដល់ចុងឆ្នាំ២០២៣។

ទិន្នន័យបានបង្ហាញថា ៥១,៧ ភាគរយនៃប្រាក់ចំណូលនាំចេញសរុបរបស់កម្ពុជាចំនួន ១៧,៥៨ ប៊ីលានដុល្លារក្នុងអំឡុងខែមករាដល់ខែសីហា ឆ្នាំ២០២៤ បានមកពីសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ។

ការងើបឡើងវិញ បាននាំមកនូវភាពធូរស្រាលដ៏ធំមួយសម្រាប់រដ្ឋាភិបាលកម្ពុជា ដែលកំពុងតែផ្តល់ជំនួយហិរញ្ញវត្ថុដល់កម្មករក្នុងវិស័យនេះ ដែលបានបាត់បង់ការងារបន្ទាប់ពីការបិទរោងចក្រ ឬព្យួរការងារ។

លោក ខេន លូ អគ្គលេខាធិការនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានប្រាប់កាសែតខ្មែរថាមស៍កាលពីពេលថ្មីៗនេះថា លោកមានការពេញចិត្តចំពោះលទ្ធផលនាំចេញ ហើយបានព្យាករណ៍ថានិន្នាការកើនឡើងនឹងបន្តពេញមួយឆ្នាំទៀត។

វិស័យនេះស្ថិតនៅលើផ្លូវនៃការងើបឡើងវិញ ខណៈដែលតម្រូវការសកលកំពុងកើនឡើង ជាពិសេសនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ទោះបីជាមានភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយដូចជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាសក៏ដោយ។

នាពេលថ្មីៗនេះ វិស័យសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ របស់កម្ពុជាក៏កំពុងទាក់ទាញការវិនិយោគកាន់តែច្រើនជាមួយនឹងការចាប់អារម្មណ៍ជាថ្មីពីអ្នកវិនិយោគបរទេសក្នុងការបើករោងចក្រវាយនភណ្ឌ និងផលិតផលធ្វើដំណើរ។
យោងតាមទិន្នន័យពាណិជ្ជកម្មចុងក្រោយនេះ ផ្នែកទាំងអស់ដែលស្ថិតនៅក្រោមវិស័យយសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ដំណើរការបានល្អក្នុងអំឡុងខែមករាដល់ខែសីហាឆ្នាំនេះ ដោយបង្កើនការនាំចេញរបស់ពួកគេ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាលទ្ធផល ការនាំចេញសម្លៀកបំពាក់ប៉ាក់ និងគ្រឿងសម្លៀកបំពាក់ រកចំណូលបាន ៤,៣៦ ប៊ីលានដុល្លារ កើនឡើង ២០,១ ភាគរយ បើធៀបនឹងរយៈពេលពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣។ គ្រឿងសម្លៀកបំពាក់ ដែលមិនមែនប៉ាក់ រកចំណូលបាន ២,១១ ប៊ីលានដុល្លារដោយមានកំណើន ៣១,៩ ភាគរយ ធៀបនឹងរយៈពេលមួយឆ្នាំ។

 

ផលិតផលស្បែក និងផលិតផលធ្វើដំណើរ រកចំណូលបានចំនួន ១,៣៧ ប៊ីលានដុល្លារ ក្នុងរយៈពេលប្រាំបីខែដំបូងក្នុងឆ្នាំនេះ ដែលកើនឡើង ២០,៩ ភាគរយ ធៀបនឹងរយៈពេលមួយឆ្នាំ។ ការនាំចេញស្បែកជើងរកបាន ចំណូល ១,០៨ ប៊ីលានដុល្លារបន្ថែមទៀត ក្នុងអំឡុងពេលនេះជាមួយនឹងកំណើន ២២,៤ ភាគរយក្នុងរយៈពេលដូចគ្នានេះ។

ផលិតផលវាយនភ័ណ្ឌសម្រេចផ្សេងទៀតរកបាន ១៤០ លានដុល្លារ ពីខែមករា ដល់ខែសីហាឆ្នាំ២០២៤ ដោយបានចុះបញ្ជីកំណើន ៤១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នៅក្នុងខែសីហា ឆ្នាំ២០២៤ តែមួយ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ទទួលបានប្រាក់ចំណូលចំនួន ១,៥៧ ប៊ីលានដុល្លារ កើនឡើង ៥៧,៥១ ភាគរយ បើធៀបនឹងខែសីហា ឆ្នាំ២០២៣ នៅពេលដែលការនាំចេញទទួលបានត្រឹមតែ ១ ប៊ីលានដុល្លារប៉ុណ្ណោះ។

វិស័យសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ គឺជាវិស័យដែលបង្កើតការងារដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា ហើយបានបង្កើតការងារផ្ទាល់ជិតមួយលានកន្លែង នេះបើយោងតាមអង្គការពលកម្មអន្តរជាតិ (ILO)។ វិស័យនេះមានចំនួន ១១ភាគរយនៃសេដ្ឋកិច្ច ហើយបានរួមចំណែកប្រហែល ៥០ ភាគរយនៃកំណើន GDP ពិតប្រាកដរបស់កម្ពុជា តាមការព្យាករណ៍ក្នុងឆ្នាំ២០២១។

គួររំលឹកដែរថា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា បានធ្លាក់ចុះ ១៣,៣១ ភាគរយ ក្នុងឆ្នាំ២០២៣ ចំពេលមានវិបត្តិសកល ធៀបនឹងឆ្នាំ២០២២ ពី ១២,៨០ ប៊ីលានដុល្លារដែលរកបានក្នុងឆ្នាំ២០២២ ដល់ ១១,០៩ ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៣ ដែលបណ្តាលឱ្យមានការព្យួរកិច្ចសន្យាការងាររបស់កម្មករនិយោជិតរោងចក្រជាច្រើន។

 

នៅខែមីនា ឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៤០ ដុល្លារដល់កម្មករនិយោជិតម្នាក់ៗក្នុងវិស័យសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ដែលកិច្ចសន្យាការងារត្រូវបានព្យួរដោយសារតែការធ្លាក់ចុះនៃតម្រូវការសកល។ នេះគឺបន្ថែមលើប្រាក់ឧបត្ថម្ភចំនួន ៣០ដុល្លារ ដែលបានផ្តល់ឲ្យកម្មករនិយោជិតម្នាក់ៗដែលត្រូវបានព្យួរការងារពីខាងរោងចក្រ។