ក្រុមការងារពិសេសត្រូវបានបង្កើតឡើង ដើម្បីត្រួតពិនិត្យ និងវាយតម្លៃសហគ្រាសធុនតូច និងមធ្យមនៅក្រៅប្រព័ន្ធ

2024-09-17
26

រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមការងារពិសេសដើម្បីត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងសហគ្រាសធុនតូច និងមធ្យមក្រៅប្រព័ន្ធ។ លិខិតពាក់ព័ន្ធនឹងការបង្កើតក្រុមការងារនេះត្រូវបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១០ ខែកញ្ញា។

កាសែត ខ្មែរថាមស៍ បានទទួលច្បាប់ចម្លងនៃលិខិតនេះកាលពីម្សិលមិញដោយបញ្ជាក់ថា ក្រុមការងារមានតួនាទី និងភារកិច្ចត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រទាក់ទងនឹងសហគ្រាសធុនតូច និងមធ្យមក្រៅប្រព័ន្ធ។

ក្រុមការងារពិសេសមានតួនាទីបង្កើតបរិយាកាសអំណោយផលបន្ថែមទៀតសម្រាប់សហគ្រាសធុនតូច និងមធ្យមក្រៅប្រព័ន្ធឱ្យមានភាពរីកចម្រើនប្រកបដោយចីរភាព ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លិខិតនេះបានអោយដឹងទៀតថា “ក្រុមការងារពិសេសនេះមានភារកិច្ចកៀរគរការគាំទ្រ និងផ្តល់វិធានការថ្មីចាំបាច់ដល់នាយករដ្ឋមន្ត្រីក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមក្រៅប្រព័ន្ធ”។

ក្រុមការងារពិសេសត្រូវធ្វើការជាមួយក្រសួង ស្ថាប័នជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ ដើម្បីទទួលបានព័ត៌មាន និងរាយការណ៍ជូននាយករដ្ឋមន្ត្រី និងអនុវត្តភារកិច្ចផ្សេងៗទៀតតាមការចាត់តាំងរបស់នាយករដ្ឋមន្ត្រី។

ក្រុមការងារនេះមានសមាជិកចំនួន១២នាក់ ហើយថវិកាសម្រាប់បំពេញការងាររបស់ខ្លួននឹងទទួលបានការគាំទ្រពីការិយាល័យរបស់នាយករដ្ឋមន្ត្រី។

កាលពីថ្ងៃទី២ ខែឧសភា រដ្ឋាភិបាលបានលុបចោលការបង្កើតក្រុមការងាររបស់នាយករដ្ឋមន្ត្រីស្តីពីការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងសហគ្រាសធុនមីក្រូ តូច និងមធ្យម។

លោកស្រី កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងជានាយិកាក្រុមហ៊ុននំស្រួយ លីលី បានប្រាប់ខ្មែរថាមស៍កាលពីថ្ងៃចន្ទថា សហគ្រាសធុនតូច និងមធ្យមក្រៅប្រព័ន្ធនៅកម្ពុជាមានចំនួនដល់ទៅ ៩០ភាគរយ។

 

សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬអាជីវកម្មខ្នាតតូច គឺជាឆ្អឹងខ្នងរបស់ជាតិ ដែលរួមចំណែកជួយប្រទេសជាតិរីកចម្រើន។ លោកស្រីបន្តថា អាជីវកម្មខ្នាតតូចគឺជាផ្នែកមួយនៃការលើកកម្ពស់ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកស្រីបានបន្ថែមថា “នោះហើយជាមូលហេតុដែលលោកនាយករដ្ឋមន្ត្រីមានចក្ខុវិស័យរយៈពេលវែងក្នុងការពង្រឹង និងគាំទ្រសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយបង្កើតគោលនយោបាយទាក់ទងនឹងសហគ្រាសធុនតូច និងមធ្យម ដែលពិតជាអាចជួយសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យក្លាយជាផ្នែកមួយនៃដំណើរការបង្កើតគោលនយោបាយដើម្បីពង្រឹង និងពង្រីកអាជីវកម្មរបស់ពួកគេ”។

ដូច្នេះហើយ ការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (នៃការបង្កើតក្រុមការងារពិសេស) ពិតជាអាចជួយដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពង្រឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល»។

ថ្លែងប្រាប់កាសែតខ្មែរថាមស៍កាលពីម្សិលមិញ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា វាជាការល្អដែលរដ្ឋាភិបាល ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្កើតក្រុមការងារពិសេសមួយដើម្បីតាមដានការអនុវត្តគោលនយោបាយសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសសហគ្រាសធុនតូច និងមធ្យម។

លោកបានបន្តថា “ការបង្កើតក្រុមការងារនេះគឺល្អ ដោយសារតម្រូវការរបស់សហគ្រាសធុនតូច និងមធ្យមនឹងឆ្លើយតបទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីដឹងថាតើពួកគេប្រឈមនឹងបញ្ហាអ្វីខ្លះ និងរបៀបដែលពួកគេត្រូវបំពេញកាតព្វកិច្ចដើម្បីអនុលោមតាមគោលនយោបាយជាតិ”។ “វាជាការល្អផងដែរដែលរដ្ឋាភិបាលដឹងពីការលំបាក និងតម្រូវការរបស់សហគ្រាសធុនតូច និងមធ្យមក្រៅប្រព័ន្ធ ដើម្បីតាមទាន់ភាពរីកចម្រើននៃបច្ចេកវិទ្យា និងការវិវត្តន៍របស់ពិភពលោក។

 

ប្រសិនបើយើងមិនអាចតាមទាន់ស្ថានការណ៍ទាំងអស់នេះបានទេ យើងមិនអាចរកចំណូលបន្ថែម ហើយក៏មិនអាចធ្វើឲ្យសេដ្ឋកិច្ចរបស់យើងរីកចម្រើនបានដែរ»។

លោកបន្ថែមថា ការបង្កើតក្រុមការងារនេះ ក៏អាចធ្វើឲ្យលោកនាយករដ្ឋមន្រ្ដីដឹងអំពីរបាយការណ៍ ដោយជៀសវាងរបាយការណ៍មួយចំនួនដែលបង្កការលំបាកក្នុងការធ្វើការសម្រេចចិត្ត។ តាមរយៈការបង្កើតក្រុមការងារនេះ នាយករដ្ឋមន្ត្រីអាចដឹងពីស្ថានភាពជាក់ស្តែងរបស់សហគ្រាសធុនតូច និងមធ្យម ដើម្បីសម្រេចបាននូវអនុសាសន៍ ឬគោលការណ៍ណាមួយ។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍នៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្នុងខែមីនា ឆ្នាំនេះថា សហគ្រាសចំនួន ៧៧០.០០០ ច្រើនជាង ៩៧ភាគរយ គឺជាសហគ្រាសធុនមីក្រូនិងភាគច្រើនស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

លោកបានអោយដឹងទៀតថា “រដ្ឋាភិបាលបានផ្តល់អាទិភាពដល់ការផ្លាស់ប្តូរសេដ្ឋកិច្ចពីក្រៅប្រព័ន្ធទៅក្នុងប្រព័ន្ធ។ ប្រសិនបើការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធទទួលបានជោគជ័យ វានឹងជួយឱ្យសេដ្ឋកិច្ចរីកចម្រើន។

លោកបានជំរុញឱ្យសហគ្រាសធុនតូច និងមធ្យមក្រៅប្រព័ន្ធត្រូវត្រៀមខ្លួន ដើម្បីចូលរួមក្នុងការអនុវត្តគោលការណ៍ដែលរដ្ឋាភិបាលបានដាក់ចេញ ដោយលើកឡើងថា ក្រសួងនឹងចាប់ផ្តើមផ្សព្វផ្សាយយុទ្ធនាការជួយដល់សហគ្រាសធុនតូច និងមធ្យម ឱ្យយល់ដឹង និងរៀបចំព័ត៌មានសម្រាប់ការចុះឈ្មោះ។