កម្ពុជាបានចំណូល ៣២៨លានដុល្លារពីការចេញជ័រកៅស៊ូ ក្នុងរយៈពេល៨ខែ

2024-09-17
25

ក្នុងរយៈពេល ៨ខែ ឆ្នាំ ២០២៤នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ២០៩ ៧៣៣តោន ដែលស្មើនឹងទំហំទឹកប្រាក់ ៣២៨ ៣១៨ ១៤១ដុល្លារ។

ទិន្ន័យរបស់អគ្គនាយកដ្ឋានកៅស៊ូ នៅថ្ងៃទី១៥ ខែកញ្ញា បានបញ្ជាក់ថា គិតចាប់ពីខែមករា ដល់សីហា កម្ពុជាបាននាំចេញជ័រកៅស៊ូ ២០៩ ៧៣៣តោន កើនឡើង ៤ ៥៦៥តោន​ ឬស្មើ២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។ ចំណូលបានពីការនាំចេញនេះ មានទំហំ ៣២៨ ៣១៨ ១៤១ដុល្លារ កើនឡើង។ 

ក្រៅពីជ័រកៅស៊ូ កម្ពុជាក៏បាននាំចេញឈើកៅស៊ូ  ១៣ ៨៤៣ម៉ែត្រគីប ដោយទទួលបានចំណូល ២ ៦៨៣ ៨៩៧ដុល្លារបន្ថែមផងដែរ។ ដូច្នេះ ចំណូលនៃការនាំចេញទាំងពីរនេះ កើនឡើង ២១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។ 

ដោយឡែក នៅខែសីហានេះវិញ កម្ពុជាបាននាំចេញជ័រកៅស៊ូ ៣៥ ៨១៨តោន កើនឡើង ២ ៥៥៥តោន ស្មើ៧ភាគរយធៀបនឹងខែកក្កដា និងកើនឡើង ១ ៦១៩តោន ស្មើ៥ភាគរយ ធៀបនឹងឆ្នាំ ២០២៣។ ចំណូលនៃការនាំចេញនេះមានតម្លៃ ៥៩ ៣១០ ៩៨០ដុល្លារ។ ក្នុងរយៈពេលដដែលនេះ កម្ពុជាក៏បាននាំចេញឈើកៅស៊ូ ២ ៩៤១ម៉ែត្រគីប ​និងបានចំណូល ៥៩៥ ២៥១ដុល្លារ បន្ថែមផងដែរ។

គិតចាប់ពីខែមករាមក ជ័រកៅស៊ូមានតម្លៃជាមធ្យម ១ ៥៦៥ដុល្លារក្នុងមួយតោន កើនឡើង ១៨០ដុល្លារ ក្នុងមួយតោន ធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣។ 

បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីកៅស៊ូ ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រ ៣២០ ១៨៤ហិកតា ស្មើ៧៨ភាគរយ និងផ្ទៃដីថែទាំ ៨៦ ៩៨៨ហិកតា ស្មើ២១ភាគរយ។ ផ្ទៃដីកៅស៊ូកសិឧស្សាហកម្ម ២២៦ ៨៤០ហិកតា ស្មើ ៥៥ភាគរយ និងផ្ទៃដីកៅស៊ូគ្រួសារ ១៨០ ៣៣២ហិកតា ស្មើ ៤៤ភាគរយ។

សូមជម្រាបថា ដំណាំកៅស៊ូ មានវត្តមាននៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩១០មកម្ល៉េះ ពោល​គឺ​ជាង ១០០​ ឆ្នាំហើយ។ បើតាមទំព័រហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​កាល​​ណោះជនជាតិបារាំងម្នាក់ឈ្មោះ​ Boulliard បាននាំដំណាំកៅស៊ូនេះ មកដាំ​​សាក​​​ក្នុង​ភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តកំពត (បច្ចុប្បន្នខេត្តព្រះសីហនុ)។ ដោយសារសណ្ឋានដីពុំ​អំណោយផល ជំនាញការបារាំង​បានស្វែងរកដីដែល​មានក្សេត​បរិស្ថានសមស្របសម្រាប់​ដំណាំកៅស៊ូ ហើយចាប់ផ្ដើមដាំដុះ​ជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងខេត្ត​ដែលមានដីក្រហមបាសាល់ រួមមានខេត្ត​កំពង់ចាម ខេត្ត​ក្រចេះ និង​ខេត្ត​រតនគិរី​។

ជាង១០០ឆ្នាំកន្លងមកនេះ ដំណាំកៅស៊ូ និងឧស្សាហកម្មកៅស៊ូបាននៅជាប់ជាមួយ ប្រទេស​កម្ពុជាជានិច្ច ហើយចម្ការកៅស៊ូដែលមានវ័យចាស់ជាងគេបង្អស់នៅកម្ពុជា ស្ថិត​នៅ​​ក្នុង​ភូមិសាស្ត្រឃុំជប់ ស្រុក​ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ «ចម្ការកៅស៊ូនេះ មានចំនួន​ដើមកៅស៊ូចាស់ នៅរស់ច្រើនជាងគេ​បំ​ផុត​ នៅក្នុងពិភពលោក រហូតដល់ ៤៤៨ដើម លើផ្ទៃដីប្រមាណ១៤​ហិក​តា។​»។ នេះបើតាមក្រសួងកសិកម្ម៕