រាជរដ្ឋាភិបាលនឹងចាប់ផ្តើមបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រចំនួន១,៥លាននាក់នៅខែសីហាដើម្បីឱ្យពួកគេមានជំនាញសម្រាប់យកទៅធ្វើការងារ

2023-09-14
1810

គម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួនប្រមាណ១,៥លាននាក់ក្នុងរយៈពេល៥ឆ្នាំ នឹងចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៣ នេះ ដើម្បីផ្តល់ឱកាសឱ្យពួកគេមានជំនាញសម្រាប់យកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញតម្រូវការនៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់គោលការណ៍ដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំផែនការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួនប្រមាណ ១,៥លាននាក់នេះ ដោយរាជរដ្ឋាភិបាលរ៉ាប់រងទទួលបន្ទុកលើថ្លៃសិក្សា និងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួង ស្ថាប័នជាសេនាធិការផ្សេងទៀតរួមសហការរៀបចំគោលនយោបាយជាតិបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា និងបង្កើនការលើកកម្ពស់ជីវភាពយុវជនក្រីក្រនេះឱ្យកាន់តែល្អប្រសើរ ដើម្បីសម្រេចឱ្យបានតាមគោលនយោបាយជាតិឆ្នាំ២០៣០ កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០២៥ កម្ពុជាជាប្រទេសមានចំណូលកម្រិតខ្ពស់។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលត្រូវដោះស្រាយការងារធ្វើដល់ប្រជាពលរដ្ឋចំនួន៣០ម៉ឺននាក់ក្នុង១ឆ្នាំ ហើយក្នុង១អាណត្តិនៃសភាដែលមានរយៈពេល៥ឆ្នាំ រាជរដ្ឋាភិបាលត្រូវបង្កើតការងារសម្រាប់ពី១លាននាក់ទៅ១,៥លាននាក់ ដើម្បីឲ្យពលរដ្ឋកម្ពុជាមានការងារធ្វើ។ រាជរដ្ឋាភិបាលក៏កំពុងតែប្រឹងប្រែងកសាងរាល់មូលដ្ឋានទាំងរឹង ទាំងទន់ ដើម្បីបម្រើឲ្យការទាក់ទាញវិនិយោគនៅកម្ពុជា។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhattan) ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ ខែខែមិថុនា សម្ដេចតេជោលើកឡើងថា៖ «ជាមួយនឹងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់កម្មករ កម្មការនី ដែលចាប់ផ្តើមពីខែសីហានេះទៅ គឺយើងនឹងត្រូវបណ្តុះបណ្តាលយុវជនក្រីក្ររបស់យើងចំនួន១,៥លាននាក់ ដោយរដ្ឋទទួលបន្ទុកក្នុងការផ្តល់ថវិកាសម្រាប់ទ្រទ្រង់ឱ្យការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ បើយើងមានកម្មករជំនាញកាន់តែខ្ពស់ អ្នកវិនិយោគគេចូលចិត្តមកវិនិយោគ»។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសាលាអន្តរជាតិកម្ពុជា-សិង្ហបុរី ( SCIA) របស់ប្រទេសសិង្ហបុរី ដើម្បីត្រៀមសហការអនុវត្តតាមគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន១,៥លាននាក់នេះ ដែលនឹងចាប់ផ្តើមនៅខែសីហាខាងមុខនេះ។

MoU នេះត្រូវបានចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក តាន់ វីភីន (Tan Wee Pin) នាយកសាលាអន្តរជាតិ SCIA នៅទីស្ដីការក្រសួងការងារ។

ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង បានលើកឡើងក្នុងពិធីចុះ MoU នេះថា ដោយទទួលបានគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវការដៃគូបន្ថែមដើម្បីត្រៀមសហការផ្ដល់ការបណ្ដុះបណ្ដាលនេះ។ ការចុះMoUជាមួយសាលាអន្តរជាតិ SCIA នេះ ក៏ជាការចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់យុវជននៅកម្ពុជាដែរ។

លោក Tan Wee Pin បានបញ្ជាក់ថា គោលដៅនៃកិច្ចសហការជាមួយក្រសួងការងារ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជានេះដែរ គឺសំដៅធ្វើយ៉ាងណាជួយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈរបស់បុគ្គលិក កម្មករនិយោជិត យុវជន ឱ្យកាន់តែបង្កើនសមត្ថភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា។

លោកលើកឡើងថា៖ «យើងមានកម្មវិធីអប់រំបណ្ដុះបណ្ដាលមកពីសិង្ហបុរីស្រាប់ ដោយមិនចាំបាច់សរសេរកម្មវិធីបណ្ដុះបណ្ដាលឡើងវិញនោះទេ។ យើងគ្រាន់តែយកមកផ្ដល់ការបណ្ដុះបណ្ដាលដល់សិក្ខាកាមតែម្ដង រួមទាំងគ្រូបណ្ដុះបណ្ដាលមកពីសិង្ហបុរីផងដែរ»។

MoU នេះមានគោលបំណងពង្រឹងទំនាក់ទំនងរវាងសាលា SCIA និងក្រសួងការងារ តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាល និងការអភិវឌ្ឍន៍។ ភាគីទាំង២នឹងធ្វើការរួមគ្នាដើម្បីរៀបចំគម្រោងបណ្តុះបណ្តាល សិក្ខាសាលា សន្និសីទ និងកម្មវិធីផ្សេងៗ ដើម្បីបំពេញតម្រូវការទីផ្សារបច្ចុប្បន្ន និងផ្តល់ចំណេះដឹង និងជំនាញដែលពួកគេត្រូវការដើម្បីភាពរីកចម្រើនការងាររបស់ពួកគេ និងត្រៀមខ្លួនសម្រាប់អនាគត។

លោក Tan Wee Pin បញ្ជាក់ថា៖ «តាមរយៈMoU នេះ យើងនឹងធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធឆ្ពោះទៅរកគោលដៅរួមរបស់យើង និងរៀបចំបុគ្គល និងស្ថាប័នសម្រាប់កម្លាំងពលកម្មនៅថ្ងៃស្អែក។ យើងទន្ទឹងរង់ចាំសហការជាមួយក្រុមការងារនៃក្រសួងការងារលើកិច្ចការអាទិភាពសំខាន់ៗ និងផ្តល់នូវជំនាញតាមតម្រូវការ និងកម្មវិធីផ្អែកលើសមត្ថភាពសម្រាប់វិស័យ និងឧស្សាហកម្មដែលពាក់ព័ន្ធ»។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ ០០០នាក់ កាលខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើរាជរដ្ឋាភិបាលដោះស្រាយបានក្នុងរង្វង់១,៥នាក់នេះ សម្តេចគិតថា សេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវធ្វើសមាហរណកម្មជាមួយសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ សេដ្ឋកិច្ចក្រៅប្រព័ន្ធមានច្រើន ដែលរាជរដ្ឋាភិបាលចាំបាច់ត្រូវតែយកចិត្តទុកដាក់។ យុវជនក្រីក្រចំនួន១,៥លាននាក់ដែលរាជរដ្ឋាភិបាលត្រូវបណ្ដុះបណ្ដាលក្នុងពេលខាងមុខនេះ គឺរាជរដ្ឋាភិបាលដាក់ជាទិសដៅសម្រាប់ផ្តល់ឱ្យពួកគេនូវជំនាញ ដែលរាជរដ្ឋាភិបាលនឹងទទួលបាននូវការវិនិយោគពីខាងក្រៅកាន់តែច្រើន ហើយគេត្រូវការមិនមែនគ្រាន់តែកម្លាំងនោះទេ។

សម្តេចបញ្ជាក់ថា៖ «កម្លាំងអត់បច្ចេកទេស គេមិនយកទេ។ កម្ពុជាមានសក្ដានុពលគឺយុវជនវ័យក្មេងចំនួនច្រើន ក៏ប៉ុន្តែសមត្ថភាពនៅមានកម្រិត។ ដូច្នេះហើយបានជាខ្ញុំដាក់ឲ្យគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចសិក្សាពីបញ្ហានេះ។ លទ្ធភាពនៃការដែលយើងជំរុញការបណ្ដុះបណ្ដាលវិជ្ជាជីវៈឱ្យយុវជនក្រីក្រទទួលបាននូវការបណ្ដុះបណ្ដាល មិនត្រឹមតែមិនបង់ប្រាក់ទេ ក៏ប៉ុន្តែយើងត្រូវផ្តល់ប្រាក់ឧបត្ថម្ភឲ្យពួកគាត់ថែមទៀត។ បើមិនអ៊ីចឹង គាត់អត់មានប្រាក់ចូលរៀន។ យើងឲ្យរៀនទទេហើយ ក៏ប៉ុន្តែគាត់អត់មានអីទទួលទាន។ អ៊ីចឹងទេ យើងត្រូវផ្តល់ប្រាក់ឲ្យគាត់ថែមទៀត»។

ក្នុងពិធីប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ លើកឡើង ថា៖ «តាមរយៈគម្រោង [បណ្តុះបណ្តាលជំនាញដល់យុវជន១,៥លាននាក់] នេះនឹងផ្តល់ឱកាសដល់យុវជនទទួលបាននូវជំនាញដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការវិនិយោគ»។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង លើកឡើងក្នុងពិធីនេះថា បច្ចុប្បន្ន ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) បាននិងកំពុងក្លាយទៅជាវិស័យមួយក្នុងចំណោមវិស័យអាទិភាពផ្សេងទៀត ដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបទការងារ និងសីលធម៌វិជ្ជាជីវៈ ដើម្បីក្លាយខ្លួនជាពលករជំនាញ និងអ្នកបច្ចេកទេស ហើយអាចបំពេញតាមតម្រូវការកម្លាំងពលកម្មក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។

លោកស្រី Inguna Dobraja នាយកប្រចាំប្រទេសនៃធនាគារពិភពលោកនៅកម្ពុជា បានលើកឡើងកាលពីឆ្នាំ២០១៩ ថា ពលរដ្ឋកម្ពុជាជាអ្នកប្រឹងប្រែងធ្វើការងារណាស់។ កម្ពុជាមានការងារប្រមាណជា ៨លានការងារ ដែលក្នុងនោះ ៨០ភាគរយ ជាមនុស្សពេញវ័យ។ ក្រោយពេលដែលកម្ពុជាចាប់យកយុទ្ធសាស្ត្រអភិវឌ្ឍន៍មួយ ដែលបើកចំហកាន់តែទូលាយសម្រាប់ទីផ្សារអន្តរជាតិ និងការវិនិយោគបរទេស វិស័យឯកជន និងជាពិសេស ឧស្សាហកម្មនាំចេញ  បានពង្រីកផលិតកម្មរបស់ខ្លួន និងចំនួនឱកាសប្រកបដោយគុណភាពសម្រាប់ពលករកម្ពុជាផងដែរ។ 

ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពីអនាគតការងារនៅកម្ពុជា លោកស្រីលើកឡើង ថា រវាងឆ្នាំ២០១០ និងឆ្នាំ២០១៥ ចំនួនការងារមានប្រាក់ឈ្នួលបានកើនជិត១២ភាគរយក្នុង១ឆ្នាំ ដែលក្នុងនោះចំនួន១ភាគ៣ជាការងារមានប្រាក់ឈ្នួលក្នុងក្រុមហ៊ុនកាន់កាប់ដោយជនបរទេស។

លោកស្រី Inguna Dobraja លើកឡើងថា៖ «ថ្វីបើកម្ពុជាសម្រេចបានវឌ្ឍនភាពក្នុងផ្នែកអប់រំបណ្តុះបណ្តាលកម្លាំងពលកម្មរបស់ខ្លួនក៏ពិតមែន ការងារនៅកម្ពុជាកំពុងតែក្លាយជាការងារបែបអតិពលកម្មកាន់តែខ្លាំងឡើងៗ ហើយនិងកំពុងតែតម្រូវឱ្យមានល្បាយចម្រុះគ្នារវាងជំនាញរឹង និងជំនាញទន់។ ប្រការនេះនឹងតម្រូវឱ្យប្រព័ន្ធអប់រំត្រូវអភិវឌ្ឍ និងផ្តល់នូវកម្រងជំនាញមួយមានភាពចម្រុះស្របតាមតម្រូវការរបស់ទីផ្សារ ក្នុងនោះរួមមានជំនាញផ្នែកកម្រិតយល់ដឹង ផ្នែកសង្គម-ផ្លូវចិត្ត និងផ្នែកអក្ខរកម្មឌីជីថល»៕