(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកាឆ្នាំ២០២៣នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រង និងការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលប្រមុខរាជរដ្ឋាភិបាលនឹងប្រកាសដាក់ឱ្យដំណើរការអនុវត្តនៅថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខនេះ។
វគ្គបណ្តុះបណ្តាលដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានគោលបំណងពង្រឹងសមត្ថភាពថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសលើការងារគ្រប់គ្រង និងការអនុវត្តប្រកបដោយ ប្រសិទ្ធភាពនូវកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យមានមូលដ្ឋានច្បាស់លាស់សម្រាប់ត្រៀមខ្លួនអនុវត្តកម្មវិធីបណ្តុះបណ្តាលដែលនឹងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក។
ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់មន្ត្រីចូលរួមថា កម្មវិធីនេះទទួលបានជោគជ័យ គឺត្រូវអនុវត្តឱ្យបាននូវបាវចនារបស់សម្តេចនាយករដ្ឋមន្ត្រី “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ” ដែលគ្រប់ភាគីទទួលយកដោយក្តីសោមនស្ស នោះទើបការបណ្តុះបណ្តាលនេះ អាចចាត់ទុកថាទទួលបានជោគជ័យដោយពិតប្រាកដ។
សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ភាពទាក់ទាញនៃកម្មវិធីបណ្តុះបណ្តាល និងប្រសិទ្ធភាពរបស់លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងកម្មវិធី គឺជាកត្តាដែលមិនអាចកាត់ផ្តាច់បានឡើយ។
គួរបញ្ចាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នា២០២៣នេះ នឹងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដើម្បីផ្តល់ឱកាសឱ្យក្រុមគោលដៅមានជំនាញឆាប់រហ័ស និងអាចមានការងារ មុខរបរសមរម្យក្នុងគោលបំណងលើកកម្ពស់ជីវភាពគ្រួសារ។
ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីបណ្តុះបណ្តាលនេះ ក្រសួងបានរៀបចំនូវវគ្គវិក្រឹត្យការបណ្តុះបណ្តាលគ្រូឧទ្ទេស រៀបចំហេដ្ឋារចនាសម្ព័ន្ធរួមមាន បន្ទប់រៀន បន្ទប់អនុវត្ត និងបន្ទប់ពិសោធន៍ ព្រមទាំងការកំណត់នូវកម្មវិធីសិក្សាផ្តោតលើវិស័យអាទិភាពចំនួន១០ និង៣៨មុខជំនាញដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងមានឱកាសការងារខ្ពស់។