រយៈពេល១ខែ ២០ថ្ងៃ យុវជនចំនួនជាង២ម៉ឺននាក់បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ

2024-01-07
899

ក្នុងរយៈពេល១ខែ ២០ថ្ងៃ គិតត្រឹមថ្ងៃទី៤ មករា ២០២៤ យុវជនចំនួនជាង២ម៉ឺននាក់បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈតាមរយៈកម្មវិធី «TVET 1,5M» ដែលជាកម្មវិធីសម្រាប់យុវជនចំនួន ១,៥លាននាក់មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» សម្រាប់យុវជនចំនួន ១,៥លាននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីទទួលបាននូវចំណេះជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយក្នុងការជំរុញសេដ្ឋកិច្ចជាតិ។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈគឺជាសេនាធិការក្នុងការបណ្តុះបណ្តាលលើវិស័យចំនួន១០ ក្នុងការសិក្សា រួមមាន វិស័យសំណង់, អគ្គិសនី និង​ថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់ និងកម្តៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, ធុរកិច្ច និងព័ត៌មានវិទ្យា។

បណ្តាញសង្គមសម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ថា៖ «មូលធនមនុស្ស គឺជាអាទិភាពគន្លឹះទីមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការជំរុញសេដ្ឋកិច្ច ឱ្យសម្រេចបាននូវគោលដៅរបស់កម្ពុជានៅឆ្នាំ២០៣០ និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។

យោងតាមបណ្តាញសង្គមសម្តេចធិបតីបានឱ្យដឹងថា៖ «បច្ចុប្បន្នភាពត្រឹមថ្ងៃទី៤ មករា ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលនូវអ្នកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ​ តាមរយៈកម្មវិធី «TVET 1,5M» សរុបចំនួន ២០ ៣៩៣នាក់ (ស្រីចំនួន ៧ ០០៧នាក់)»។

បណ្តាញសង្គមសម្តេចធិបតីបានឱ្យដឹងថា រាជធានីភ្នំពេញមានយុវជនចំនួនចំនួន ៧ ៩០៥នាក់ (ស្រី ២ ៥៩៦នាក់) បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ​តាមរយៈកម្មវិធី «TVET 1,5M» នេះ ចំណែកខេត្តបាត់ដំបងមានចំនួន ២ ៤៩៩នាក់ (ស្រី ១ ០៨៣នាក់), ខេត្តសៀមរាបមានចំនួន ១ ៤២៨នាក់ (ស្រី ៣២៧នាក់), ខេត្តកណ្តាលចំនួន៧៥៥នាក់ (ស្រី ២១៥នាក់), ខេត្តព្រះសីហនុមានចំនួន ៧១៨នាក់ (ស្រី ២៤៧នាក់)  និងតាមបណ្ដាខេត្តផ្សេងៗមានចំនួន ៧ ០៨៨នាក់ (ស្រី ២ ៥៣៩នាក់)។

ក្នុងចំណោមអ្នកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ​ទាំងចំនួនជាង២ម៉ឺននាក់នេះគឺបានបែងចែកទៅតាមវិស័យដូចជា វិស័យសំណង់មានចំនួន ៣ ០៤៩នាក់ (ស្រី ៤៥២នាក់), វិស័យអគ្គិសនី និងថាមពលមានចំនួន ៦០៤នាក់ (ស្រី ៦៥នាក់), វិស័យអេឡិចត្រូនិកចំនួន ៤៤៩នាក់ (ស្រី ៦៦នាក់), វិស័យកម្មន្តសាល ចំនួន ១៥៣នាក់ (ស្រី ១០នាក់), វិស័យមេកានិចទូទៅ/មេកានិចរថយន្ត ចំនួន ៣ ១២២នាក់ (ស្រី ១៤០នាក់)។

ក្រៅពីនេះ វិស័យធុរកិច្ច និងព័ត៌មានវិទ្យាមានចំនួន ៦ ៥៦៩នាក់ (ស្រី ៣ ៤៧១នាក់), វិស័យសេវាកម្ម ចំនួន ១ ១៩៨នាក់ (ស្រី ១ ០១៨នាក់), វិស័យបរិក្ខារត្រជាក់ និងកម្តៅ ចំនួន ៣ ០៥១នាក់ (ស្រី ១០១នាក់), វិស័យទេសចរណ៍ ចំនួន ១ ២០៥នាក់ (ស្រី ៩០៦នាក់) និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ចំនួន ៩៩៣នាក់ (ស្រី ៧៧៨នាក់)។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២ វិច្ឆិកា ២០២៣ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានអនុសាសន៍ក្នុងការពង្រឹងនូវគុណភាពបណ្តុះបណ្តាល ក៏ដូចជាលើកទឹកចិត្តដល់យុវជនក្នុងការសិក្សា និងបញ្ចប់ការសិក្សាប្រកបដោយគុណភាព និងជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីអាចបម្រើដល់សេចក្តីត្រូវការនៃទីផ្សារការងារ ដោយកំណត់នូវគោលការណ៍ «ឱ្យចេះ ឱ្យចប់ ឱ្យមានការងារ»។

ពាក់ព័ន្ធនឹងការកំណត់នូវគោលការណ៍ «ឱ្យចេះ ឱ្យចប់ ឱ្យមានការងារ» នេះ បណ្តាញសង្គមសម្តេចធិបតីបានបញ្ជាក់ថា៖ «នេះជាការយកចិត្តទុកដាក់ខ្ពស់ និងជាកិច្ចការអាទិភាពបំផុតនៃរាជរដ្ឋាភិបាលក្នុងការកសាងនូវធនធានមនុស្សសម្រាប់ជំរុញដល់សេដ្ឋកិច្ចជាតិ»។

តាមរយៈកម្មវិធី «TVET 1,5M» នេះ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទូទាំងប្រទេសគឺចូលរៀនដោយមិនបង់ប្រាក់ និងទទួលបានប្រាក់ឧបត្ថម្ភក្នុងអំឡុងពេលបណ្តុះបណ្តាល ហើយបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ ក៏អាចចូលរៀនដោយមិនបង់ប្រាក់ផងដែរ។

តាមរយៈកម្មវិធី«TVET 1,5M» នេះ សិស្សទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលក្នុង១ខែសិក្សាពេញម៉ោង, ទទួលបានការផ្តល់ប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, កន្លែងចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និងឱកាសបន្តការសិក្សា, ជំនាញមួយពិតប្រាកដ ដែលទីផ្សារការងារកំពុងត្រូវការ និងឱកាសការងារធ្វើសមរម្យ និងចំណូលទៀងទាត់។

កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤  វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានបន្តចុះផ្សព្វផ្សាយជ្រើសរើសសិស្សឱ្យចូលរៀនជំនាញបច្ចេកទេសដោយឥតបង់ថ្លៃ សម្រាប់គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យដោយសិក្សារយៈពេល៤ខែ នៅសង្កាត់កណ្ដោលដុំសង្កាត់ស្វាយក្រវ៉ាន់ និងសង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង បានប្រកាសផ្តល់អាហារូបករណ៍១០០ភាគរយដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យលើ​មុខជំនាញចំនួន១៣ ចំនួន៨៤០នាក់ ហើយចូលរៀននៅថ្ងៃ១៥ ខែមករា ឆ្នាំ២០២៤ សិក្សារយៈពេល៤ខែរៀនពេញម៉ោង (ចន្ទ-សុក្រ) និង១០ខែរៀននៅចុងសប្តាហ៍ (សៅរ៍-អាទិត្យ)។

ចំណែក វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ក៏បានប្រកាសផ្តល់អាហរូបករណ៍១០០ភាគរយដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន៣០០នាក់លើមុខជំនាញចំនួន៦ កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) សិក្សារយៈពេល៤ខែ។

ក្នុងពិធីចុះផ្សព្វផ្សាយ និងតម្រង់ទិសស្តីពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដល់សិស្សានុសិស្សនៅវិទ្យាល័យហ៊ុនសែនស្លាគូរ ខេត្តតាកែវ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ កញ្ញា អ៊ី ស្រីពៅ ប្រធានការិយាល័យសេវាកម្ម និងផលិតកម្មនៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឱ្យងាកមកចាប់អារម្មណ៍លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ រួមមាន អគ្គិសនី បរិក្ខារត្រជាក់ វិស្វកម្មរថយន្ត មេកានិចទូទៅ ព័ត៌មានវិទ្យា ដែលវិទ្យាស្ថានបានផ្តល់អាហារូបករណ៍ចំនួន៣ ៤៨៥ កន្លែង។ 

នៅចំពោះមុខគ្រូបង្រៀន អាណាព្យាបាល និងសិស្សានុសិស្សចំនួន២៥០នាក់ កញ្ញា លើកឡើងថា ជំនាញទាំងអស់នេះកំពុងតែមានតម្រូវការទីផ្សារការងារខ្ពស់ ទទួលបានប្រាក់ចំណូលសមរម្យ និងអាចមានឱកាសក្នុងការបង្កើតមុខរបរដោយខ្លួនឯង ជាពិសេសសម្រាប់យុវជនមកពីក្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ បន្ទាប់ពីរៀនចប់ វិទ្យាស្ថាននឹងសម្របសម្រួលស្វែងរកការងារជូន។

កញ្ញាបានបញ្ជាក់បន្ថែមថា មានតែការបណ្តុះបណ្តាលជំនាញដល់យុវជនទេ ទើបធ្វើឱ្យគ្រួសារមានប្រាក់ចំណូលសមរម្យ ជួយជំរុញផលិតភាពការងារ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ច ដែលនឹងអាចធ្វើឱ្យប្រទេសកម្ពុជាសម្រេចបាននូវចក្ខុវិស័យនាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕