ក្នុងរយៈពេលជាង៣ខែ យុវជនជិត២៨ ០០០នាក់ បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ

2024-03-04
576

ក្នុងរយៈពេលជាង៣ខែ ដោយគិតត្រឹមថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួនជិត២៨ ០០០នាក់ បានចុះឈ្មោះចូលរៀនក្នុងកម្មវិធីអាហារូបករណ៍បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ក្នុងនោះ១២ ០០០នាក់ បានទទួលការបណ្តុះបណ្តាលក្នុង ៥៤៦ថ្នាក់រួចហើយ។ នេះបើយោងតាមប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គោលដៅរបស់រាជរដ្ឋាភិបាលគឺផ្ដល់អាហារូបករណ៍តាមរយៈការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥លាននាក់ ដែលទទួលបាន​ប្រាក់ឧបត្ថមប្រចាំខែចំនួន២៨ម៉ឺនរៀល និង ទទួលបានការ​ភ្ជាប់ការងារផងដែរពេលរៀនចប់។ 

សម្តេចធិបតីមានប្រសាសន៍ដូច្នេះក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវ៉ែលសេឡង់នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាស​សម្តេចធិបតីចូលរួមកិច្ច​ប្រជុំកំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី ដែលប្រព្រឹត្តទៅចាប់ពី​ថ្ងៃទី៤-៦ ខែមីនា ២០២៤ នៅទីក្រុង​ម៉ែលប៊ន ប្រទេស​អូស្ត្រាលី។

សម្តេចធិបតីមានប្រសាសន៍ថា៖ «អ៊ីចឹង ការបណ្តុះបណ្តាលនេះ យើងត្រូវភ្ជាប់ [ការងារ]។ ឥឡូវមកដល់ថ្ងៃ២៩ កុម្ភៈ នេះគឺមានយុវជនយើងជិត២៨ ០០០នាក់បានចុះឈ្មោះ ហើយក្នុងនោះ ១២ ០០០នាក់បានទទួលការបណ្តុះបណ្តាលនៅក្នុង៥៤៦ថ្នាក់រួចទៅហើយ។ មិនមែនដាក់ដើម្បីឮពិរោះនោះទេ។ ដាក់ហើយដើម្បីធ្វើ ហើយធ្វើគឺដើម្បីដល់ប្រជាជនជាក់ស្តែង។ អ៊ីចឹង ខ្ញុំប្រកាសតែប៉ុន្មានខែមុនទេកម្មវិធីនេះ។ ឥឡូវ យើងបានផ្ដល់អាហារូបករណ៍នេះ ហើយបណ្តុះបណ្តាលកូនចៅខ្មែរយើងរាប់ម៉ឺននាក់រួចទៅហើយ នឹងបន្តធ្វើតទៅទៀតដើម្បីភ្ជាប់ការងារ»។

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនចំនួនប្រមាណ ១,៥ លាននាក់មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ហើយគិតត្រឹម​ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ​មានរយៈពេល​ជាង៣ខែ។

សម្តេចធិបតីមានប្រសាសន៍បន្តថា៖ «ក្នុងស្រុកនៅតែជាអាទិភាពធំក្នុងការបង្កើតការងារ។ អ៊ីចឹងហើយបានខ្ញុំដើរទាក់ម៉ូយ។ មិនទាក់ម៉ូយទៅក្រៅ ទាក់ម៉ូយយកទៅដាក់ក្នុងស្រុក បង្កើតការងារ តែយើងក៏ត្រូវបើកជម្រើស​ឱ្យប្រជាពលរដ្ឋយើងអាចទៅក្រៅបានដែរ។ ទៅមក វាអត់ខាតទេ។ គាត់ទៅធ្វើការមួយរយៈ បានជំនាញគាត់មកវិញជួយធ្វើការ»។ 

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ កាលពីថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤ ថា ក្រសួងប្ដេជ្ញាអនុវត្តឱ្យបាននូវអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ ហើយ​នឹងបន្តបើកវគ្គបណ្ដុះបណ្ដាលនេះជាបន្តបន្ទាប់ទៀតនៅពេលដែលយុវជនដែលជាគោលដៅត្រូវបានចុះឈ្មោះគ្រប់ទៅតាមគោលការណ៍។

ឯកឧត្តមរដ្ឋមន្ត្រីថ្លែងបន្តថា ក្នុងឆ្នាំ២០២៤ ក្រសួងបានដាក់ចេញទិសដៅការងារបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានជោគជ័យនូវកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈដល់យុវជនដែលជាគោលដៅ១,៥លាននាក់មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដោយរួមបញ្ចូលទាំងបុគ្គលទាំងឡាយនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ក្នុងឆ្នាំ២០២៤ នេះ ក្រសួងក៏បានដាក់ចេញទិសដៅការងារបន្តពង្រឹងភាពជាដៃគូររវាងរដ្ឋនិងឯកជននិងដៃគូអភិវឌ្ឍន៍នានាដើម្បីចូលរួមគាំទ្រដល់ការបង្កើនសមត្ថភាពជំនាញ (upskilling) និងបណ្ដុះបណ្ដាលជំនាញឡើងវិញ (reskilling) នៃកម្លាំងពលកម្មដែលកំពុងស្ថិតនៅក្នុងទីផ្សារការងារស្រាប់ និងឱកាសការងារថ្មីៗ ព្រមទាំងបញ្ចូលនូវជំនាញសម្បទាការងារ (employability skill) និងជំនាញសម្បទាបត់បែន (adaptability skill) ទៅក្នុងកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ។

ឯកឧត្តម ហេង សួរ បានរម្លឹកទៅកាន់យុវជនដែលកំពុងសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈថា សម្តេចតេជោ ហ៊ុន សែន អតីតនាយកដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកផ្តល់ឱកាសដល់យុវជនមកពីគ្រួសារក្រីក្រឱ្យមានជំនាញបច្ចេកទេសដើម្បីមានការងារធ្វើ និងមានមុខរបរយ៉ាងឆាប់រហ័សក្នុងការលើកកម្ពស់ជីវភាពគ្រួសារ។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងរម្លឹកដូច្នេះនៅក្នុងកម្មវិធីសំណេះសំណាលជាមួយសិស្សវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ ប្រមាណជាង១ ០០០នាក់នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែនក្នុងខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន គឺជាមគ្គទេសក៍ក្នុងការផ្តើមគំនិតលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈនេះ ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាឥស្សរជនដែលបានអនុវត្តគំនិតផ្តួចផ្តើមនេះឱ្យមានភាពបត់បែន និងរស់រវើកដែលធ្វើឱ្យយុវជនមកពីគ្រួសារក្រីក្រ រួមទាំងពលរដ្ឋទូទៅបានចូលរៀនវគ្គជំនាញបច្ចេកទេសដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមសម្រាប់ក្រុមគ្រួសារក្រីក្រ។ នេះគឺជាឱកាសដ៏ល្អបំផុតដើម្បីទទួលបានជំនាញជាក់លាក់ និងដើម្បីលើកកម្ពស់ជីវភាពគ្រួសារឱ្យមានភាពធូរធារ។