ក្រសួងការងារ និង KOICA នឹងអនុវត្តគម្រោងកសាងសមត្ថភាពជំនាញប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យារយៈពេល៥ឆ្នាំ ដោយមានថវិកា៨លានដុល្លារអាមេរិក

2023-09-14
3132

ក្រសួងការងារ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នឹងអនុវត្តគម្រោងថ្មីមួយគឺ «គម្រោងកសាងសមត្ថភាព និងបង្កើតបរិយាកាសក្នុងជំនាញប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យា (ICT) នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) នៅកម្ពុជា» រយៈពេល៥ឆ្នាំ ដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០២៣នេះ រហូតដល់ឆ្នាំ២០២៧ ដោយមានថវិកាចំនួន ៨លានដុល្លារអាមេរិក។

កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Rho Hyun Jun នាយក KOICA ប្រចាំប្រទេសកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃគម្រោងនេះនៅឯទីស្ដីការក្រសួងការងារ ដោយមានគោលបំណងដើម្បីរួមចំណែកលើកកម្ពស់គុណភាព TVET តាមរយៈការកែលម្អកម្មវិធីសិក្សា និងបរិយាកាសបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាពគ្រូបច្ចេកទេសក្នុងវិស័យ ICT។

ក្នុងជំនួបរវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង និងលោក Rho Hyun Jun នៅមុនចុះហត្ថលេខានេះ KOICA បានប្ដេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើការកសាងជំនាញវិជ្ជាជីវៈក្នុងផ្នែក ICT ដល់យុវជនកម្ពុជា និងពាំនាំបទពិសោធន៍នៃការអភិវឌ្ឍជំនាញនៅប្រទេសកូរ៉េមកបណ្ដុះបណ្ដាលដល់ប្រជាជនកម្ពុជា។

លោក Rho Hyun Jun បានលើកឡើងក្នុងជំនួបនេះ ថា ក្រសួងការងារបានគាំទ្របេសកកម្មរបស់ KOICA រយៈពេល២០ឆ្នាំមកហើយ ជាពិសេស បេសកកម្មក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហើយ KOICA ប្តេជ្ញាចិត្តនឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សជាបន្តទៀត។

លោកលើកឡើងថា៖ «រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េបានចាត់ទុកប្រទេសកម្ពុជាជាប្រទេសសំខាន់បំផុតទី២នៅក្នុងតំបន់ក្នុងការជួយអភិវឌ្ឍជំនាញ TVET ហើយក៏បានប្ដេជ្ញាពាំនាំបទពិសោធន៍នៃការបណ្ដុះបណ្ដាលជំនាញនៅប្រទេសខ្លួន មកជួយបណ្ដុះបណ្ដាលដល់ប្រជាជនកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍជីវភាពប្រជាជន អភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ»។

KOICA កន្លងមកបានសហការ និងជួយគាំទ្រការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថាន TVET ដូចជា ការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ គ្រូបច្ចេកទេស និងសិស្ស-និស្សិត ផ្តល់អ្នកស្ម័គ្រចិត្តជនជាតិកូរ៉េ និងកសាងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបំពាក់សម្ភារបណ្តុះបណ្តាលជាដើម។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានសំដែងការពេញចិត្តចំពោះការចូលរួមអភិវឌ្ឍវិស័យ TVET ពី KOICA ខណៈសាធារណរដ្ឋកូរ៉េក៏មានការរីកចម្រើនលើវិស័យបច្ចេកវិទ្យានៅលើពិភពលោកផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញក្ដីសង្ឃឹមថា ភាគីសាធារណរដ្ឋកូរ៉េតាមរយៈ KOICA នឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ TVET នៅកម្ពុជាបន្ថែមទៀត ដើម្បីជួយអភិវឌ្ឍធនធានមនុស្សលើវិស័យនេះឱ្យកាន់តែឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «គម្រោងកសាងសមត្ថភាព និងការបង្កើតបរិយាកាសក្នុងជំនាញ ICT នៃ TVET នៅកម្ពុជានេះ ពិតជាមានសារៈសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យ TVET នៅកម្ពុជា ជាពិសេសចូលរួមគាំទ្រផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន១,៥លាននាក់ ដែលរាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៣នេះ»។

សម្រាប់គម្រោងនេះ KOICA នឹងកែលម្អបរិយាកាសអប់រំICT ដោយធ្វើឱ្យប្រសើរឡើងនូវបន្ទប់កុំព្យូទ័រ ផ្តល់សម្ភារ និងកែលម្អកម្មវិធីសិក្សា ICT ដែលមានលក្ខណៈស្តង់ដារ ព្រមទាំង​អភិវឌ្ឍ​សម្ភារបង្រៀន​ ICT និង​កសាង​សមត្ថភាព​សម្រាប់​ផ្នែក ICT។

KOICA លើកឡើងក្នុងសេចក្តីប្រកាសថា៖ «ការពង្រឹង និងលើកកម្ពស់វិស័យអប់រំ គឺជាអាទិភាពដ៏ចម្បងបំផុតមួយនៃយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ KOICA ដែលស្របនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ»។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា ការអភិវឌ្ឍន៍ធនធានមនុស្សគឺជាអាទិភាពខ្ពស់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា។ យើងបានឃើញប្រទេសកូរ៉េសម្រេចបាននូវកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់នៅលើមូលដ្ឋានរឹងមាំនៃការអភិវឌ្ឍន៍ធនធានមនុស្ស។ នេះជាគំរូដ៏ល្អនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងជំនាញ ដើម្បីនាំមកនូវលទ្ធផលជាផ្លែផ្កានៅក្នុងវិស័យ TVET នៅកម្ពុជា។

លោក Rho Hyun Jun បានមានប្រសាសន៍ថា៖ «បន្ទាប់ពីរយៈពេលពីរឆ្នាំនៃការពិគ្រោះយោបល់ និងការសិក្សាលទ្ធភាព នៅទីបំផុត យើងបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីចាប់ផ្តើមគម្រោងថ្មីមួយនៅក្នុងវិស័យ TVET ជាពិសេសនៅក្នុងវិស័យ ICT ។ ខ្ញុំ​សង្ឃឹម​ថា ​គម្រោង​នេះ​នឹង​ផ្តល់​លទ្ធផល​ដ៏​មាន​ឥទ្ធិពល​ដល់ការអភិវឌ្ឍន៍ធនធានមនុស្សរបស់​កម្ពុជា ដែល​នៅទី​បំផុត​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​របស់​កម្ពុជា»។

TVET គឺជាអាទិភាពមួយនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥។ 

ក្រសួងការងារគឺជាស្ថាប័ននាំមុខ និងជាប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល (NTB) និងមានតំណាងក្រសួងស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍ គ្រឹះស្ថានបណ្តុះបណ្តាល និងតំណាងនិយោជិតជាសមាជិក ដែលមានភារកិច្ចដឹកនាំសម្របសម្រួល គោលនយោបាយ និងផែនការយុទ្ធសាស្រ្ត និងសកម្មភាពនានាពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញនៅកម្ពុជា។ 

ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានលើកឡើងកាលពីខែមិថុនា ឆ្នាំ២០២៣ ថា បច្ចុប្បន្ន មានក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន១៩ និងអង្គការមិនមែនរដ្ឋាភិបាលបានបង្កើតគ្រឹះស្ថានចំនួន ៣២៥ ក្នុងនោះក្រោមឱវាទក្រសួងការងារមានចំនួន ១៩៩, សាធារណៈចំនួន ៣៧, ឯកជនចំនួន១៤១ និងអង្គការ សមាគម ចំនួន២១។ 

ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត បន្ត ថា គិតត្រឹមឆ្នាំ២០២២ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈមានសរុបចំនួន ៣៧ ដែលមានអគារចំនួន ១៩៧, បន្ទប់សិក្សាចំនួន ៧០៤, រោងជាង/បន្ទប់ពិសោធន៍ចំនួន ២៣៥, និងអន្តេរវាសិកដ្ឋានចំនួន ៣៧ ក្នុងនោះមានអគារអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ៣ខ្នង ដែលមានបន្ទប់សិក្សាសរុបចំនួន២៧ និងបន្ទប់ស្នាក់នៅមានចំនួន ៣២បន្ទប់ ដែលអាចស្នាក់នៅបានចំនួន ២៥៦នាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ។ 

ឯកឧត្តមបណ្ឌិត បញ្ជាក់ថា៖ «សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ក៏បានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាច្រើន ដើម្បីបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈជូនដល់ប្រជាជន ជាពិសេសស្រ្តី។ រាជរដ្ឋាភិបាលបានបង្កើនការវិនិយោគសាងសង់អគារហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារបណ្តុះបណ្តាលទំនើបៗតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាច្រើន»៕