ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថានទូតថៃប្រចាំកម្ពុជា បានបង្ហាញការប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឱ្យកាន់តែល្អប្រសើរបន្ថែមទៀត សំដៅធានាដល់ប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមករវាងប្រទេសទាំង២។
ការប្តេជ្ញាដូច្នេះធ្វើឡើងក្នុងជំនួបរវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម ឈើតកៀត អត្ថាករ (Cherdkiat Atthakor) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ រាជធានីភ្នំពេញ។ ជំនួបនេះមានគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិ្កការក្នុងវិស័យពលករនិងបណ្តុះបណ្តាលវិជ្ជាជីវៈរវាងគ្នានិងគ្នាឲ្យកាន់តែស្និតរមួតខ្លាំងឡើងថែមទៀត។
ក្រសួងការងារលើកឡើងថា៖ «តាមរយ:កិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដ៏ល្អប្រសើររវាងកម្ពុជា ថៃ បានចូលរួមចំណែកយ៉ាងខ្លាំងដល់ការពង្រឹងទំនាក់ទំនងទាំងនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងទំនាក់ទំនងជាមិត្តភាពរវាងប្រជាជននិងប្រជាជនរវាងប្រទេសទាំង២»។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ក្នុងជំនួបនេះថា កម្ពុជា និងថៃបានខិតខំអនុវត្តបានយ៉ាងល្អនូវអនុស្សារណៈយោគយល់គ្នា (MoU) ចំនួន ៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ការផ្លាស់ប្តូរកម្លាំងពលកម្ម និងការរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ផ្អែកលើក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះដែលជាអំណោយផលល្អដល់ការជំរុញកំណើនសេដ្ឋកិច្ច សង្គម វប្បធម៌ វិស័យអប់រំជាដើម គឺមានការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកបានយ៉ាងល្អប្រសើរ។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់ភាគីថៃដែលបានយកចិត្តទុកដាក់ដល់ការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនដល់ពលករកម្ពុជា និងបានបង្កលក្ខណៈងាយស្រួលដល់ពួកគេក្នុងការស្នាក់នៅ និងបំពេញការងារនៅប្រទេសថៃ ដែលចាត់ទុកថាជានយោបាយឈ្នះ-ឈ្នះមួយរបស់ភាគីទាំង២ ក្នុងនោះពលករកម្ពុជាជាកម្លាំងបំពេញឱ្យតម្រូវការទីផ្សារការងាររបស់ថៃ ហើយពលករកម្ពុជាទទួលបានប្រាក់ចំណូលខ្ពស់ ទទួលបានជំនាញបន្ថែម និងជំរុញរំហូរហិរញ្ញវត្ថុចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា៖ «នៅក្នុងប្រទេសកម្ពុជាមិនខ្វះទេការងារដែលមានចំណូលសមរម្យដូចនៅប្រទេសថៃ។ ដោយសារតែប្រជាពលរដ្ឋចង់ទៅធ្វើការនៅក្រៅប្រទេស រាជរដ្ឋាភិបាលកម្ពុជាក៏ផ្ដល់ជម្រើស និងជួយសម្របសម្រួលឱ្យពួកគេបានទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់»។
ភាគីទាំង២ក៏បានឯកភាពគ្នាថា នឹងពិនិត្យមើលការលើកទឹកចិត្តឱ្យពលករកម្ពុជា ប្រើប្រាស់ប្រព័ន្ធធនាគាក្នុងការផ្ញើប្រាក់ជូនក្រុមគ្រួសារទៅស្រុកដើម្បីជួយកាត់បន្ថយនូវហានិភ័យ និងងាយស្រួលដល់ការគ្រប់គ្រងផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង បានថ្លែងអំណរគុណដល់ភាគីថៃដែលបានជួយផ្ដល់អាហារូបករណ៍ទទួលនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសថៃ ពិសេសបានបង្កើតឱ្យមានវិទ្យាស្ថានមិត្តភាពអភិវឌ្ឍន៍ជំនាញ កម្ពុជា-ថៃ ពូនភ្នំ សម្រាប់ផ្ដល់ការបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាមកម្ពុជាឱ្យមានចំណេះជំនាញក្នុងការប្រកបវិជ្ជាជីវៈ។
ភាគីកម្ពុជាបានដាក់សំណើរួចហើយទៅភាគីថៃ ដោយស្នើសុំផ្តល់នូវការបណ្តុះបណ្តាលលើមុខជំនាញចំនួន ៦ រួមមាន ជំនាញវិស្វកម្មអេឡិចត្រូនិក, សំណង់ស៊ីវិល, គ្រឿងយន្ត, បរិក្ខារត្រជាក់, ព័ត៌មានវិទ្យា, និងវគ្គបណ្តុះបណ្តាលសម្រាប់បុគ្គលិកការិយាល័យ។
ភាគីកម្ពុជាសង្ឃឹមថា បន្ទាប់ពីទទួលបានសំណើនេះ ភាគីថៃនឹងផ្តល់ជូនវិទ្យាស្ថានមិត្តភាពអភិវឌ្ឍន៍ជំនាញ កម្ពុជា-ថៃ ពូនភ្នំ តាមសំណើនេះ និងបន្តទទួលបានកិច្ចសហប្រតិបត្តិការពីភាគីថៃលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបន្តទៀត ហើយនិងបង្កើតឱ្យមានកម្មវិធីរួមគ្នាជាច្រើនទៀត ដូចការរៀបចំវេទិកាការងាររវាងកម្ពុជា ថៃជាដើម។
ក្នុងជំនួបនេះ ឯកឧត្តម ឈើតកៀត អត្ថាករ បានបញ្ជាក់បន្ថែមលើគោលនយោបាយសំខាន់របស់រាជរដ្ឋាភិបាលថៃក្នុងការមើលថែអត្ថប្រយោជន៍ និងការរស់នៅរបស់ពលករកម្ពុជាដែលចូលទៅធ្វើការនៅប្រទេសថៃ ព្រមទាំងការបង្កលក្ខណៈងាយស្រួលនៅក្នុងការជួលឲ្យធ្វើការងារ។ ឯកឧត្តមថែមទាំងបានបញ្ជាក់អំពីសារសំខាន់របស់ពលករកម្ពុជានៅក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេសថៃ និងជាប្រភពចំណូលសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តម ឈើតកៀត អត្ថាករ បានថ្លែងអំណរគុណចំពោះភាគីកម្ពុជាដែលបានបង្កភាពងាយស្រួលជូនដល់ពលករកម្ពុជាបានធ្វើដំណើរឆ្លងដែនទៅធ្វើការនៅក្នុងទឹកដីថៃដោយស្របច្បាប់ក្រោមក្របខ័ណ្ឌ MoU ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពលករជាមួយប្រទេសជិតខាង ដោយភាគីថៃត្រៀមខ្លួនជាស្រេចក្នុងការបង្កភាពងាយស្រួលនៅគ្រប់ផ្នែក។
ស្ថានទូតថៃប្រចាំកម្ពុជាបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ភាគីទាំង២បានឯកភាពគ្នាក្នុងការជំរុញនូវចំណងកិច្ចសហប្រតិបត្តិការដែលជាប្រយោជន៍នៅក្នុងថ្ងៃអនាគត មានដូចជា ការត្រៀមលក្ខណៈសម្បត្តិសម្រាប់ពលករមុនធ្វើដំណើរទៅប្រទេសថៃ ទាំងរឿងការប្រើជីវិត ការរៀបចំការផ្ទេរប្រាក់ឆ្លងប្រទេស រួមទាំងការអភិវឌ្ឍជំនាញតាមរយៈការបណ្ដុះបណ្ដាល។ ភាគីថៃត្រៀមខ្លួនជាស្រេចក្នុងការសហការដើម្បីការអភិវឌ្ឍដើម្បីបន្តគម្រោងដែលនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (TICA) នៃក្រសួងការបរទេសថៃសហការជាមួយកម្ពុជាក្នុងការអភិវឌ្ឍជំនាញរបស់ពលករជាបន្តបន្ទាប់»។
ស្ថានទូតថៃបានបញ្ជាក់ថា៖ «ភាគីថៃនៅតែប្តេជ្ញាចិត្តគាំទ្រកំលាំងពលកម្មកម្ពុជាដែលមានជំនាញនិងគុណភាពឲ្យមានឱកាសបានរួមការងារជាមួយក្រុមហ៊ុនឯកជនដែលឈានមុខគេរបស់ថៃនៅកម្ពុជាដោយតាមរយៈជ្រើសរើសឱ្យចូលបម្រើការងារជាមួយគ្នាផងដែរ»។
កាលពីឆ្នាំ២០១៥ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា និងក្រសួងការងារថៃបានចុះMoU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារក្នុងគោលបំណងពង្រឹងទំនាក់ទំនងដ៏ល្អរវាងភាគីទាំង២ដែលជាប្រយោជន៍ក្នុងការពង្រឹងកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងភាគីទាំង២នៅក្នុងវិស័យការងារ។
MoUនេះក៏មានគោលបំណងរួមគ្នាលើកកម្ពស់គោលនយោបាយការងារនិងទម្លាប់អនុវត្តលើកកម្ពស់សមត្ថភាព និងលទ្ធភាពរបស់ប្រទេសទាំង២ ពង្រឹងជំនាញនៃហត្ថពលកម្ម សន្តិសុខសង្គម និងពង្រឹងតម្លាភាព និងប្រសិទ្ធភាពក្នុងដំណើរការ នៃការបញ្ជូន និងទទួលពលកររវាងប្រទេសទាំង២។
កាលពីឆ្នាំ២០១៥នេះដែរ ក្រសួងការងារកម្ពុជា និងក្រសួងការងារថៃ បានចុះ MoU ស្តីពីកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់កម្លាំងពលកម្ម។ គោលបំណងនៃកិច្ចព្រមព្រៀងនេះគឺដើម្បីអភិវឌ្ឍ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំង២ និងបង្កើតក្របខ័ណ្ឌជាក់ស្តែងសម្រាប់ការសម្របសម្រួលការងារតាមកិច្ចសន្យារបស់កម្មករនិយោជិតក្នុងទឹកដីនៃភាគីទាំង២ប្រកបដោយប្រសិទ្ធភាព តម្លាភាព ផ្អែកលើសិទ្ធិ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
កិច្ចព្រមព្រៀងនៃMoU នេះបញ្ជាក់ថា៖ «ភាគីទាំង២ត្រូវចាត់វិធានការចាំបាច់ ដើម្បីធានាថា នីតិវិធីត្រឹមត្រូវសម្រាប់ការងាររបស់កម្មករនយោជិតត្រូវបានអនុវត្ត។ នីតិវិធីនៃការធ្វើមាតុភូមិនិវត្តន៍របស់កម្មករនិយោជិតដែលបានបញ្ចប់កិច្ចសន្យាការងារទៅកាន់ប្រទេសដើមរបស់ពួកគេត្រូវមានប្រសិទ្ធភាព។ កម្មករនិយោជិតមានសិទ្ធិទទួលបានការការពារផ្លូវច្បាប់ស្របតាមកិច្ចសន្យាការងារ ហើយត្រូវគោរពតាមច្បាប់របស់ភាគីម្ខាងទៀត»។
កាលពីឆ្នាំ២០១៤ ក្រសួងការងារនៃប្រទេសទាំង២គឺកម្ពុជា-ថៃ ក៏បានចុះMoU ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងការជួយជនរងគ្រោះដោយសារការជួញដូរក្នុងគោលបំណងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពរវាងប្រទេសទាំង២ និងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីស្តីពីការបង្រ្កាបការជួញដូរមនុស្ស។
នៅក្នុងការចុះMoUនេះ ភាគីទាំង២ជឿជាក់ថា ការបង្ក្រាបបទឧក្រិដ្ឋជួញដូរមនុស្ស តាមរយៈកិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងការអនុវត្តន៍ច្បាប់ និងក្នុងនីតិវិធីព្រហ្មទណ្ឌ គឺជាវិធានការដ៏មានប្រសិទ្ធភាពក្នុងការធានាយុត្តិធម៌ប្រឆាំងនឹងការជួញដូរមនុស្ស។ ភាគីទាំង២បានធ្វើការសន្យាថា រដ្ឋភាគីនឹងធ្វើសហប្រតិបត្តិការយ៉ាងស្មោះស្ម័គ្រក្នុងការលុបបំបាត់ ការជួញដូរមនុស្ស ព្រមទាំងការពារ និងជួយដល់ជនរងគ្រោះ។
ក្រសួងការងារកម្ពុជាធ្លាប់បានបញ្ជាក់កាលពីខែតុលា ឆ្នាំ២០២២ ថា លទ្ធផលកិច្ចសហការជាមួយភាគីថៃកន្លងមកគឺបានកសាងហេដ្ឋារចនាសម្ព័ន្ធ អគារ បំពាក់ឧបករណ៍សម្ភារៈ បំប៉នសមត្ថភាពថ្នាក់ដឹកនាំ គ្រូរបស់វិទ្យាស្ថានអភិវឌ្ឍមុខជំនាញកម្ពុជា-ថៃ, បានបញ្ជូនមន្ត្រីរាជការថ្នាក់កណ្តាល និងតាមគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ទៅបណ្តុះបណ្តាលនៅប្រទេសថៃ ពីឆ្នាំ ២០១៧-២០១៩ បានចំនួន១១២នាក់ និងភាគីថៃបានបញ្ជូនគ្រូមកធ្វើការបណ្តុះបណ្តាលដល់គ្រូបច្ចេកទេសនៅតាមគ្រឹះស្ថាន TVET នៅតាមព្រំដែនក្នុងប្រទេសកម្ពុជាពីឆ្នាំ២០១៧-២០១៩ បានចំនួន១០០នាក់។
ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង ធ្លាប់បានមានប្រសាសន៍កាលពីខែសីហា ឆ្នាំ២០២២ ថា ពលករខ្មែរ មានស្មារតីតស៊ូ អត់ធ្មត់ និងខិតខំធ្វើការងាររកប្រាក់កម្រៃចិញ្ចឹមគ្រួសារ ដែលជាការចូលរួមចំណែករកចំណូលជូនប្រទេសជាតិ។ ពលករខ្មែរនៅថៃមានចំនួន ១,២លាននាក់ ដោយម្នាក់ៗក្នុង១ខែបានផ្ញើប្រាក់ទៅផ្ទះប្រមាណ ១៦៧ដុល្លារអាមេរិក ហើយបើគិត១ឆ្នាំ ពលករខ្មែរបានផ្ញើប្រាក់ទៅក្រុមគ្រួសារប្រមាណជាង២ពាន់លានដុល្លារអាមេរិក។ នៅពេលពួកគេវិលត្រឡប់មកប្រទេសកំណើតវិញនឹងមានចំណេះ និងជំនាញការងារមកអភិវឌ្ឍប្រទេសផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានមានប្រសាសន៍ក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) កាលពីខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តសៀមរាបថា ការធ្វើទេសន្តរប្រវេសន៍ដើម្បីស្វែងរកការងារធ្វើគឺជាចរន្តសកលមួយដែលកំពុងតែជះឥទ្ធិពលស្ទើរគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក។
សម្តេចតេជោ មានប្រសាសន៍ថា៖ «ក្នុងនាមរដ្ឋាភិបាលនៃប្រទេសនីមួយៗ យើងតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់ពលករទេសន្តរប្រវេសន៍ទាំងអស់ ដោយបានអនុវត្តគោលនយោបាយសម្រាប់ការពារ ការគោរពសិទ្ធិ និងលក្ខខណ្ឌការងារ ស្របតាមបទដ្ឋានអាស៊ាន និងលិខិតូបករណ៍អន្តរជាតិ ដោយចាត់ទុកការអនុវត្តសិទ្ធិការងារ និងកិច្ចគាំពារសង្គមគឺជាការអនុវត្តសិទ្ធិមនុស្សដូចគ្នាផងដែរ»៕