ថៃ​ព្រមសម្រួលលក្ខខណ្ឌបន្តសុពលភាពលិខិតអនុញ្ញាតធ្វើការរបស់​ពលករចំណាកស្រុកខ្មែរ​ជិត៤ម៉ឺននាក់

2023-06-27
2438

កម្ពុជានិងថៃ បានសម្រេចកិច្ចព្រមព្រៀងមួយ ដើម្បី​សម្រួលលក្ខខណ្ឌ​ស្នើសុំ​បន្តសុពលភាព​លិខិតអនុញ្ញាត​ឱ្យធ្វើការ​ដល់ពលករចំណាកស្រុកខ្មែរនៅប្រទេសថៃ​ប្រមាណជាង៤ម៉ឺននាក់ ដែលនឹងផុតសុពលភាព​កំណត់ ​នៅថ្ងៃទី​៣១ខែកក្កដាខាងមុខនេះ។ តាមការបញ្ជាក់ពីអាជ្ញាធរថៃ កិច្ចព្រមព្រៀងនេះធ្វើឡើងដោយសារតែបច្ចុប្បន្ននេះ ថៃកំពុងខ្វះពលករ​​បម្រើការងារយ៉ាងខ្លាំង។ អង្គការសង់ត្រាល់ យល់ថា​ កិច្ចព្រមព្រៀងថ្មីនេះ​​ នឹងកាន់តែមានប្រសិទ្ធភាពបម្រើប្រយោជន៍ពលករខ្មែរ ប្រសិនបើស្ថានទូតខ្មែរនៅថៃបង្កើនការ​ជួយសម្រួលឯកសារការងារមួយចំនួនឱ្យលឿនជាងពេលបច្ចុប្បន្ន។

តបតាមការស្នើពីកម្ពុជា រដ្ឋាភិបាលថៃបានយល់ព្រមសម្រួលលក្ខខណ្ឌ ស្នើសុំ​បន្តសុពលភាពលិខិតអនុញ្ញាត​ធ្វើការដល់ពលករចំណាកស្រុកខ្មែរ ជាង៤ម៉ឺននាក់ដែលកំពុងអស់សុពលភាពនៅចុងខែកក្កដាខាងមុខ​។ នេះបើតាមការចុះផ្សាយរបស់កាសែតបាំងកកប៉ុស្តិ៍របស់ថៃកាលពីថ្ងៃទី​២៥មិថុនាកន្លងទៅ។

តាម​ការចុះផ្សាយរបស់បាំងកកប៉ុស្តិ៍​ ​​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការងារ​របស់​ប្រទេស​ថៃ លោក ផៃរ៉ច្ឆ ចុទីកាសាធៀន (Pairoj Chotikasathien) លើកឡើងថា ការព្រមព្រៀង​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​រវាង​អាជ្ញាធរផ្នែក​​ការងារ​របស់​ថៃ និង​កម្ពុជា ដើម្បី​ជួយ​សម្រួល​ដល់​បញ្ហាខ្វះខាត​ពលករបរទេស​​នៅក្នុង​ប្រទេស​ថៃនៅពេលនេះ។

តាមរយៈកិច្ចព្រមព្រៀងនេះ ពលករ​ចំណាកស្រុក​ខ្មែរ​ក្នុង​ប្រទេស​ថៃ នឹង​មិន​ចាំបាច់​រង់ចាំ​ដល់​ទៅ​៣០​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ផុតកំណត់​សុពលភាព​នៃ​លិខិតអនុញ្ញាត​ឱ្យធ្វើ​ការ​ ទើប​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ឡើងវិញ ឬ​បន្ត​សុពលភាព​ដូច​តាម​លក្ខខណ្ឌ​ទូទៅ​នោះ​ទេ។ ហើយ​ដំណើរការ​ទាំង​មូល​នៃ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​បន្ត​សុពលភាព​នៃ​លិខិតអនុញ្ញាត​ឱ្យធ្វើ​ការ​នេះ នឹង​ត្រូវ​ធ្វើឡើង​តាម​ប្រព័ន្ធ​អនឡាញ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់ពលករ​​ចំណាកស្រុក​ខ្មែរ។

គួរដឹងថា​​ ក្រោម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) បច្ចុប្បន្ន​រវាង​កម្ពុជា និង​ថៃ អនុញ្ញាត​ឱ្យ​ពលករ​ចំណាកស្រុក​ខ្មែរ​ធ្វើការ​ដោយ​ស្របច្បាប់​ក្នុង​ប្រទេសថៃ​រយៈពេល ៤​ឆ្នាំ ដែលលិខិតអនុញ្ញាត​ឱ្យធ្វើ​ការ​របស់​ពលករ​ចំណាកស្រុក​ខ្មែរ​ទាំងជាង៤ម៉ឺននាក់ខាងលើ នឹង​ត្រូវ​ផុតកំណត់​ក្នុង​ចន្លោះ​ចាប់ពី​ខែ​មករា ឆ្នាំ​២០២២ រហូត​ដល់​ថ្ងៃទី​៣១ ខែ​កក្កដា ខាងមុខ​នេះ។

តាមរយៈវិទ្យុបារាំងអន្តរជាតិនៅថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ២០២៣ លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) យល់ថា ​ជារឿងល្អដែលថៃយល់ព្រម​សម្រួលលក្ខខណ្ឌសុពលភាពលិខិតអនុញ្ញាតធ្វើការរបស់ពលករខ្មែរ ប៉ុន្តែលោកនៅមានក្តីបារម្ភជុំវិញសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាអនឡាញរបស់ពួកគេ​។ សម្រាប់លោក ​មឿន តុលា កិច្ចព្រមព្រៀងថ្មីនេះ អាចកាន់តែមានប្រសិទ្ធភាពបម្រើប្រយោជន៍ពលករខ្មែរ ប្រសិនបើស្ថានទូតខ្មែរនៅថៃ បង្កើនការគាំពារ​​ពលករខ្មែរ តាមរយៈការពន្លឿន​ដំណើរការធ្វើឯកសារការងារ​ ខណៈជារឿយៗ ពលករខ្មែរតែងត្អូញត្អែរពីភាពយឺតយ៉ាវ ក្នុងការ​រត់ឯកសារនៅស្ថាន​ទូត​ ក៏ដូចជាការត្អូញត្អែរពី​​ការចំណាយច្រើននៅពេល​បន្តសុពលភាព​ការងាររបស់ពួកគេជាដើម​។ គួរជម្រាបថា ក្នុងចំណោមពលករខ្មែរ​នៅក្រៅប្រទេសសរុប​ ១.៣លាននាក់បច្ចុប្បន្ននេះ​ គឺ​មាន១.២លាននាក់ កំពុងបម្រើការងារនៅប្រទេសថៃ៕