វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​ស្វាយ​រៀង​ ទទួល​បាន​សិស្ស​ជិត​ ៥០០​ នាក់ ចុះឈ្មោះ​ចូល​រៀន​លើ​ជំនាញ​ ១១

2024-01-05
2126

រាជធានីភ្នំពេញ ៖ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​ស្វាយ​រៀង​ បាន​ជ្រើសរើស​យក​ជំនាញ​ចំនួន​ ១១ ដែល​សុទ្ធសឹងតែ​ជា​ជំនាញ​មាន​ទីផ្សារ​ការងារ​ខ្ពស់​នៅ​ក្នុង​ខេត្ត និង​ទទួល​បាន​ប្រាក់​ចំណូល​សមរម្យ ក្នុង​ការ​ស្វាគមន៍​ការ​បណ្តុះបណ្តាល​ជំនាញ​វី​ជ្ជា​ជីវៈ​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​ ១៥ មក​រា ឆ្នាំ​ ២០២៤ ខាង​មុខ ​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក មុត ច​ន្ថា នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​ស្វាយ​រៀង ​។

បើ​តាម​លោក មុត ច​ន្ថា ជំនាញ​ទាំង​ ១១ នោះ​មាន​ដូច​ជា ជាងកំបោរ ការងារ​កំបោរ ការ​ដំឡើង​បណ្តាញទឹក​ក្នុង​អាគារ ការ​ដំឡើង​អគ្គ​ស​នី​ក្នុង​អាគារ ការ​ផ្សារ​លោហៈ​ដោយ​ធ្នូ​អគ្គិសនី បរិក្ខា​ត្រជាក់​ក្នុង​គេហដ្ឋាន សេវា​ថែទាំ និង​ជួសជុល​អគ្គ​ស​នី​រថយន្ត ការ​ដំឡើង​បញ្ជា​ម៉ូ​ទ័​រ​អគ្គិសនី សេវា​ថែទាំ​កាមេរ៉ា​សុវត្ថិភាព ការ​ផ្សារ​អគ្គិសនី និង​ការ​ថែទាំ និង​ជួសជុល​រថយន្ត​ ។

លោក​បន្ថែម ​៖ «​ដោយឡែក​ក្នុង​ចំណោម​ជំនាញ​ទាំង​១១​នេះ​វិទ្យាស្ថាន​សង្កេត​ឃើញ​ថា មាន​ជំនាញ​ចំនួន​៣​ដែល​មាន​សិស្ស​ចុះ​ឈ្មោះ​រៀន​ច្រើន​ជាងគេ ក្នុង​នោះ​មាន ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អាគារ បរិក្ខា​ត្រជាក់​ក្នុង​គេហដ្ឋាន និង​ការ​ថែទាំ និង​ជួសជុល​រថយន្ត​»​ ។

លោក​បន្ថែម​ថា ចាប់​តាំង​តែ​ពី​ពេល​ប្រកាស​ដាក់​ឱ្យ​អនុវត្តន៍​ជា​ផ្លូវការ​នូវ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ១,៥ លាន​នាក់​នៅ​ថ្ងៃ​ទី​ ១៤ វិច្ឆិកា ឆ្នាំ​២០២៣ វិទ្យាស្ថាន​ជាតិ​បាន​ទទួល​យុវជន​មក​ចុះ​ឈ្មោះ​ចូល​រៀន​បាន​ចំនួន ៥៤៦ ​នាក់ ​។

លោក​បន្ថែម​ថា សម្រាប់​វិទ្យាស្ថាន​របស់​យើង​នឹង​បើក​ឱ្យ​ចូល​រៀន​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​ ១៥ ខែមករា ឆ្នាំ​២០២៤ ខាង​មុខ​នេះ ខណៈ​វិទ្យាស្ថាន​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​លើ​ការ​បណ្តុះបណ្តាល​នៅ​ពាក់​កណ្តាលខែ​នេះ ទាំង​គ្រូបង្រៀន បន្ទប់​សិក្សា​បន្ទប់​អនុវត្តន៍ និង​សម្ភារៈ​បច្ចេកទេស​ផ្សេង​ៗ​ផង​ដែរ ​។

គូរ​បញ្ជាក់​ផង​ដែរ​ថា​កាលពី​ថ្ងៃ​ទី​ ១៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ កន្លង​ទៅ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​ដាក់​ឱ្យ​អនុវត្តន៍​ជា​ផ្លូវការ​នូវ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ទៅ​ដល់​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ១,៥ លាន​នាក់ ដែល​ការ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល ​៤ ​ខែ សិក្សា​ដោយ​ឥត​គិតថ្លៃ ដោយឡែក​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ចំនួន ២៨​ ម៉ឺន​រៀល រហូត​ដល់​រៀន​ចប់​ផង​ដែរ​ ៕