វិទ្យាស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស (ITE) នៃប្រទេសសិង្ហបុរីបានប្ដេជ្ញាបន្តពង្រឹងសមត្ថភាពគ្រូបណ្តុះបណ្តាលជំនាញបច្ចេកទេស និងមន្ត្រីគ្រប់គ្រងវិទ្យាស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជាឱ្យកាន់តែមានភាពជឿនលឿន ស្របពេលដែលរាជរដ្ឋាភិបាល គ្រោងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន១,៥លាននាក់នាខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។
ការប្តេជ្ញាចិត្តនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបំពេញទស្សនកិច្ចសិក្សានៅវិទ្យាស្ថាន ITE នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ដើម្បីលើកកម្ពស់គុណភាព និងកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។
គេហទំព័រក្រសួងការងារបានបញ្ជាក់ថា៖ «សម្រាប់អាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧នេះ វិទ្យាស្ថាន ITE បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការពង្រឹងសមត្ថភាពគ្រូបង្គោលផ្នែក TVET និងមន្ត្រីគ្រប់គ្រងនៅតាមវិទ្យាស្ថានមួយចំនួនទៀតរបស់កម្ពុជា ដោយផ្តោតលើវិធីសាស្ត្របង្រៀន វិធីសាស្ត្រក្នុងការគ្រប់គ្រងគ្រឹះស្ថានបណ្ដុះបណ្ដាលឱ្យកាន់តែមានភាពជឿនលឿន និងឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្ម នៃវិស័យឯកជននៅកម្ពុជា»។
ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះគឺចាប់តាំងពីឆ្នាំ២០១៧ រហូតដល់បច្ចុប្បនន វិទ្យាស្ថាន ITE របស់សិង្ហបុរី បានផ្ដល់កិច្ចសហការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់គ្រូបង្គោល និងមន្ត្រីគ្រប់គ្រងនៅតាមគ្រឹះស្ថាន TVET នានារបស់កម្ពុជា។
ក្នុងឱកាសបំពេញទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យវិទ្យាស្ថាន ITE បង្កើនកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលលើផ្នែកផ្សេងទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
តាមរយៈកិច្ចសហប្រតិបត្តិល្អក្នុងការកសាងសមត្ថភាពគ្រូបង្គោល និងអភិវឌ្ឍផ្នែក TVETប្រកបដោយលទ្ធផលគាប់ប្រសើរ វិទ្យាស្ថាន ITE នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ បានប្រគល់ពានរង្វាន់ «កិច្ចសហប្រតិបត្តិល្អក្នុងការកសាងសមត្ថភាពគ្រូបង្គោល និងអភិវឌ្ឍផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET)» ជូនដល់ក្រសួងការងារកម្ពុជា។
ការប្រគល់ពានរង្វាន់នេះធ្វើឡើងក្នុងឱកាសខួបលើកទី២០នៃការផ្ដល់សេវាអប់រំបណ្ដុះបណ្ដាលរបស់វិទ្យាស្ថានITE (ITEES)។ ឯកឧត្តម ហេង សួរ បានឡើងទទួលពានរង្វាន់នេះដោយផ្ទាល់ពីលោក ហឹង ឈាំងនី (Heng Chiang Gnee) នាយកវិទ្យាស្ថាន ITE និងបានថ្លែងអំណរគុណចំពោះវិទ្យាស្ថាន ITE និង ស្ថាប័នផ្ដល់សេវាអប់រំបណ្ដុះបណ្ដាល (ITEES) ដែលបានប្រគល់ពានរង្វាន់នេះដល់ក្រសួងការងារ។
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលជាមួយវិទ្យាស្ថាន ITE និង ស្ថាប័ន ITEES របស់សិង្ហបុរី ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
គេហទំព័រក្រសួងការងារលើកឡើងថា៖ «វិទ្យាស្ថាន ITE បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្សនៅប្រទេសមួយចំនួន ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាក៏បានសហការជាមួយវិទ្យាស្ថាននេះផងដែរ។ កិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយវិទ្យាស្ថាន ITE របស់សិង្ហបុរីបានសម្រេចនូវផ្លែផ្កាគួរឱ្យកត់សម្គាល់ ពិសេសលើការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់មន្ត្រីរាជការ គ្រូបង្គោល TVET និងមន្ត្រីគ្រប់គ្រងនៅតាមគ្រឹះស្ថាន TVET នានារបស់កម្ពុជា»។
កាលពីពេលកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងក្រសួងស្ថាប័នជាសេនាធិការផ្សេងទៀតរួមសហការរៀបចំគោលនយោបាយជាតិបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន១,៥លាននាក់ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារនៅកម្ពុជា បង្កើនការលើកកម្ពស់ជីវភាពពួកគេឱ្យកាន់តែល្អប្រសើរ ដើម្បីសម្រេចឱ្យបានតាមគោលនយោបាយជាតិឆ្នាំ២០៣០ កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០២៥ កម្ពុជាជាប្រទេសមានចំណូលកម្រិតខ្ពស់។
ស្របតាមចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយជាអ្នកដឹកនាំសកល វិទ្យាស្ថាន ITE បានបង្កើតភាពជាដៃគូជាមួយស្ថាប័នល្បីៗនៅទូទាំងពិភពលោក ដែលបច្ចុប្បន្ននេះ វិទ្យាស្ថាននេះមានស្ថាប័នដៃគូចំនួនជាង៤០ នៅក្នុងប្រទេសចំនួន១៤។
ស្ថាប័ន ITEES បច្ចុប្បន្ននេះ កំពុងផ្តល់សេវាប្រឹក្សាយោបល់ និងបណ្តុះបណ្តាលក្នុងប្រទេសចំនួន២៨ (ក្នុងនោះមានកម្ពុជាផងដែរ) នៅអាស៊ី អាហ្រ្វិក អាមេរិកឡាទីន និងមជ្ឈឹមបូព៌ា។
ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ស្ថាប័ន ITEES បានធ្វើបរិវត្តន៍ (Transformation) នៃវិស័យTVET ក្នុងប្រទេសចំនួន៣០នៅទូទាំងពិភពលោក ដោយបានបណ្តុះបណ្តាលអ្នកដឹកនាំចំនួនជាង១ ៨០០នាក់ បង្កើតវិទ្យាស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចំនួន១១ និងបណ្តុះបណ្តាលគ្រូបង្គោលចំនួនជាង២ ៦០០នាក់។
ប្រទេសសិង្ហបុរីនាពេលកន្លងមកបានជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជាច្រើនដល់គ្រូបង្គោល និងសិក្ខាកាមកម្ពុជា ពិសេសប្រទេសនេះបានបញ្ជូនគ្រូជំនាញៗមកបណ្ដុះបណ្ដាលដល់ប្រទេសកម្ពុជាផ្ទាល់។
កាលពីឆ្នាំ២០១៧ ក្រសួងការងារកម្ពុជា និងវិទ្យាស្ថាន ITEES បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យTVET ដើម្បីបណ្តុះបណ្តាលគ្រូបច្ចេកទេសកម្ពុជាចំនួន ៨០រូបសម្រាប់រយៈពេល២ឆ្នាំពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨ លើមុខជំនាញចំនួន៣ រួមមាន បច្ចេកវិទ្យាទំនាក់ទំនង និងព័ត៌មានវិទ្យា (ICT), បច្ចេកវិទ្យាអេឡិចត្រូនិច និងបច្ចេកវិទ្យារថយន្ត។
ជាមួយគ្នានេះដែរ នៅក្នុងកិច្ចសហការជាមួយក្រសួងការងារកម្ពុជារយៈពេល៤ឆ្នាំពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៣ វិទ្យាស្ថាន ITE បានបណ្តុះបណ្តាលមុខជំនាញ និងចែករំលែកបទពិសោធន៍ដល់មន្រ្តីគ្រប់គ្រងវគ្គភាពជាអ្នកដឹកនាំ និងគ្រូបច្ចេកទេសវគ្គវិធីសាស្រ្តបង្រៀន សរុបចំនួនជាង៥៥០ រូប។
កាលពីឆ្នាំ២០១៧ ក្រសួងការងារ សហការជាមួយវិទ្យាស្ថាន ITE និងមូលនិធិអន្តរជាតិ Temasak របស់សិង្ហបុរីបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT)» នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាដើម្បីបំប៉នសមត្ថភាពលើជំនាញនេះពីប្រទេសសិង្ហបុរីដល់គ្រូបច្ចេកទេសកម្ពុជា ដើម្បីឱ្យមានចំណេះដឹង និងសមត្ថភាពកាន់តែច្បាស់ក្នុងការរៀបចំអនុវត្តការបង្រៀននៅក្នុងអង្គភាព មុននឹងចេញដំណើរទៅចូលរួមវគ្គបណ្តុះបណ្តាលបំប៉នបន្ថែមនៅប្រទេសសិង្ហបុរី៕