កម្ពុជា-អារ៉ាប់ ប្តេជ្ញាជំរុញការដោះដូរពាណិជ្ជកម្មជាមួយគ្នា

2023-12-04
2778

អ្នកសេដ្ឋកិច្ចមានសុទិដ្ឋិនិយមថា ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងកាន់តែមានកំណើនខ្ពស់ បន្ទាប់ពីការប្តេជ្ញានៃប្រទេសទាំង ២ ដើម្បីពង្រឹង និងពង្រីកការធ្វើពាណិជ្ជកម្ម ស្របពេលដែលការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង ២ (Cambodia-UAE CEPA) ដែលនឹងចូលជាធរមាននៅពេលឆាប់ៗ។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោកស្រី ចម និម្មល និង​រដ្ឋមន្ត្រី​ពាណិជ្ជ​កម្ម​អន្តរជាតិ​របស់​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម (UAE) លោក Thani bin Ahmed Al Zeyoudi កាលពី​ថ្ងៃទី​ ២៩ ខែ​វិ​ចិ្ឆ​កា ឆ្នាំ ​២០២៣ នៅ​រដ្ឋធានី​អា​ប៊ុ​យ​​ដា​ប៊ី​ (​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​) បាន​ជួបពិភាក្សា​ពី​ការពង្រឹង និង​ពង្រីក​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី រួមទាំង​លទ្ធភាព​នៃ​ការទាញយក​ប្រយោជន៍​ពី​ការអនុវត្ត​កិច្ច​​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំង​ ២ (Cambodia-UAE CEPA )​ដែល​គ្រោង​នឹង​ចូល​ជា​ធរមាន​នាពេលខាងមុខ​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ធ្វើឡើង​ស្របពេល​កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ត្រៀម​អនុវត្ត Cambodia-UAE CEPA នាពេលខាងមុខ បន្ទាប់ពី​កិច្ចព្រមព្រៀង​នេះ​បាន​ចុះ​ហត្ថលេខា​ជា​ផ្លូវការ កាលពី​ថ្ងៃទី​ ៨ ខែមិថុនា ឆ្នាំ ​២០២៣​។​