ដល់ប្រទេសចិន លោក ស៊ុន ចាន់ថុល ជួប​​ប្រតិភូ​ក្រុមហ៊ុន Wanli Stone កំពុង​វិនិយោគ​អាជីវកម្មថ្មម៉ាបនៅ​ខេត្ត​កំពង់ស្ពឺ

2024-09-09
32

នៅក្នុង​ដំណើរ​ចូលរួម​កម្មវិធី ​“ពិព័រណ៍អន្តរជាតិចិនលើកទី២៤ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម” នៅ​ប្រទេស​ចិន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​បាន​ទទួលជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិភូក្រុមហ៊ុន Wanli Stone ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្សេងទៀតដែលកំពុងបណ្ដាក់​ទុន​វិនិយោគ​នៅកម្ពុជា។

ជំនួបរវាង​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ​ប្រតិភូក្រុមហ៊ុន Wanli Stone ដឹកនាំដោយលោក Zou Peng។

បើ​តាម​មន្រ្តីក្រុមប្រឹក្សាអភិវឌ្ឍ​ន៍​កម្ពុជា​បាន​គូស​បញ្ជាក់​ថា បច្ចុប្បន្នក្រុមហ៊ុន Wanli Stone គឺជាក្រុមហ៊ុនមួយដែលកំពុងវិនិយោគ​នៅក្នុងខេត្តកំពង់ស្ពឺលើមុខសញ្ញាអាជីវកម្មថ្មម៉ាប ឬថ្មក្រានីត។ តាមរយៈជំនួបនេះ ក្រុមហ៊ុនបានបង្ហាញអំពីផែនការរបស់ខ្លួនក្នុងការពង្រីកការវិនិយោគបន្ថែមទៀតក្នុងប្រទេសកម្ពុជា ពិសេសនឹងពិនិត្យលទ្ធភាពវិនិយោគ លើ​ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ៕