ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលបន្តបើកកិច្ចប្រជុំចចារកំណត់ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៥ជាលើកទី៣នៅព្រឹកនេះ

2024-09-06
35

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ ឆ្នាំទី២ បន្តបើកកិច្ចប្រជុំចចារប្រាក់ឈ្នួលចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងការបូបសម្រាប់ឆ្នាំ២០២៥ នៅថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០២៤នេះ នៅវេលាម៉ោង ១០:០០នាទីព្រឹក នៅទីស្ដីការក្រសួងការងារ។

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នេះគឺជាកិច្ចប្រជុំប្រាក់ឈ្នួលលើកទី៣សម្រាប់ឆ្នាំនេះ ខណៈប្រជុំលើកទី១ បានធ្វើនៅថ្ងៃទី១៤សីហា លើកទី២ធ្វើនៅថ្ងៃទី២៩សីហា និងលើកទី៣ ធ្វើនៅថ្ងៃទី០៦កញ្ញាហើយគ្រោងនឹងរៀបចំប្រជុំជាបន្តបន្ទាប់ទៀតនៅថ្ងៃទី១២, ទី១៩ និងទី២៦ ខែកញ្ញាឆ្នាំ២០២៤ ជាកិច្ចប្រជុំចុងក្រោយ។

នៅក្នុងកិច្ចប្រជុំលើកទី២ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ភាគីសហជីពបានស្នើសុំតម្លើង១៤ដុល្លារ ខណៈភាគនិយោជកស្នើសុំតម្លើងត្រឹមតែ១ដុល្លារប៉ុណ្ណោះពីលើប្រាក់ឈ្នួលបច្ចុប្បន្នដែលមានចំនួន២០៤ដុល្លារក្នុង១ខែ ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗ និងប.ស.ស.នោះទេ។

លោក ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការប្រជុំនេះភាគីនីមួយៗមានការយល់ដឹង និងមានភាពចាស់ទុំច្រើនហើយសង្ឃឹមថា នឹងមានការសម្របសម្រួលគ្នាបន្ថែមទៀត។ អ្វីយើងដឹងថា កើនឡើងតិច ឬច្រើននឹងមានកំណើនឆ្នាំ២០២៥គ្រាន់តែកំណើនផ្សេងគ្នានិយោជកបន្ថែម១ដុល្លារ និងសហជីព១៤​ដុល្លារ។ ចំណែកខាងភាគីរដ្ឋាភិបាលនឹងសម្របសម្រួលឱ្យអស់លទ្ធភាពដើម្បីឱ្យភាគីនីមួយៗខិតទៅរកប្រសពគ្នាហើយបើអាចរកបាននូវកុងសង់ស៊ីគ្នាកាន់តែប្រសើរតែបើមិនមានការការឯកភាពគ្នាទេយើងនឹងអនុវត្តតាមច្បាប់
គឺការបោះឆ្នោតក្នុងកិច្ចប្រជុំចុងក្រោយនៅថ្ងៃទី២៦កញ្ញាខាងមុខ។

គួរបញ្ជាក់ថា​ ការចចារប្រាក់ឈ្នួលើកម្មករនេះត្រីភាគីត្រូវផ្នែកទៅលើលក្ខណៈវិនិច្ឆ័យទាំង៧រួមមាន វិនិច្ឆ័យតាមបែប សង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាពភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ)។

នៅក្នុងឆ្នាំ២០២៤នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន២០៤ដុល្លារក្នុងមួយខែ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម
កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២២១ ទៅ២៣២ដុល្លារអាម៉េរិកក្នុងមួយខែ ដោយមិនទាន់ពីគិតពីអត្ថប្រយោជន៍ផ្សេងទៀតដែលទទួលបានពី ប.ស.ស.៕