NEA បន្តរៀបចំវេទិកាការងារដោយផ្តល់ឱកាសការងារថ្មីបន្ថែមទៀតជាង ២០០ កន្លែងដល់យុវជនសម្រាប់ចុងឆ្នាំ២០២៣ នេះ

2023-12-26
4226

ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សាការងារនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ដោយនាំយកឱកាសការងារជាង ២០០ កន្លែងពីក្រុមហ៊ុនធំៗចំនួនចូលរួមទទួលពាក្យ និងសម្ភាសការងារភ្លាមៗតែម្តង។

ក្រុមហ៊ុនទាំង ៣ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ ក្រុមហ៊ុន តេលា ក្រុមហ៊ុន DEVELOCUS និងសណ្ឋាគារ HOTEL KVL។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

កញ្ញា ឃឿ មុនីរតនា ប្រធានផ្នែកបណ្តុះបណ្តាល និងអភិវឌ្ឍន៍សណ្ឋាគារ HOTEL KVL  លើកឡើងថា នេះគឺជាលើកទី១ហើយដែលខាងសណ្ឋាគារសហការជាមួយនឹងNEA។ កញ្ញាបន្ថែមថាតាមរយៈការសហការនេះ ខាងក្រុមហ៊ុនរំពឹងថា នឹងទទួលបានបុគ្គលិកតាមតម្រូវការប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

កញ្ញាបញ្ជាក់បន្តថា ការសហការនេះផងដែរ ក៏គឺជាផ្នែកមួយក្នុងការជួយផ្តល់ឱកាសការងារដល់អ្នកកំពុងស្វែងរកការងារធ្វើផងដែរ។ ការចូលរួមជាមួយ NEA មិនត្រឹមតែជួយឱ្យយើងទទួលបានបេក្ខជនល្អៗប៉ុណ្ណោះទេ តែថែមទាំងអាចជួយផ្សព្វផ្សាយពីសណ្ឋាគារយើងដល់សាធារណជនទូទៅឱ្យបានស្គាល់ស្ថាប័នរបស់យើងផងដែរ។

ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕