កម្ពុជានឹងមានប្រាក់ចំណូលជាង១១៥០ដុល្លាក្នុងមួយខែដោយរបៀបណា?

2023-09-14
1603

ប្រជាជន​កម្ពុជា​នឹង​មាន​ប្រាក់​ចំណូល​ជា​មធ្យម​យ៉ាងតិច​១៣៨៤៦​ដុល្លារ ក្នុង​មួយ​ឆ្នាំ ត្រឹម​ឆ្នាំ​២០៥០​ ជា​ឆ្នាំ​ដែល​រដ្ឋាភិបាល​សម្រេច​ប្រែក្លាយ​ប្រទេស​កម្ពុជា​អោយទៅ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ ។ ទោះបីជា​វា​នៅ​ពេល​យូរ​ទៀត​ក្តី ប៉ុន្តែ​វា​ជា​គោលនយោបាយ​ប្រកបដោយ​មហិច្ឆតា​ដែល​យើង​គួរតែ​គាំទ្រ ដើម្បី​សម្រេច សុបិន​ដ៏​ធំ​នេះ ។

បច្ចុប្បន្ន​ប្រទេស​កម្ពុជា គឺជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប ហើយ​កម្ពុជា​មាន​គោលបំណង​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ត្រឹម​ឆ្នាំ​២០៣០ និង​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។

តាម​អង្គការ​សុខភាព​ពិភពលោក​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប សំដៅ​ទៅ​លើ​ប្រទេស​ដែល​ប្រជាជន​ម្នាក់​មាន​ចំណូល​ជា​មធ្យម​ចន្លោះ​១១៣០ ដុល្លារ ដល់​៤៤៦៥​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។ ចំណែក​ចំណូល​មធ្យម​កម្រិត​ខ្ពស់ គឺ​មាន​ន័យ​ថា មាន​ចំណូល​ចន្លោះ​ពី​៤៤៦៦​ដុល្លារ ដល់​១៣៨៤៥ ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។ ប្រទេស​មាន​ចំណូល​ខ្ពស់ ឬ​ប្រទេស​អ្នក​មាននៅ​ពេល​ដែល​ពលរដ្ឋ​ម្នាក់​មាន​ចំណូល​យ៉ាងតិច​១៣៨៤៦ ដុល្លារ ក្នុង​មួយ​ឆ្នាំ ឬ​អាច​និយាយ​យ៉ាង​សាមញ្ញ​ថា ជាង​១១៥០ ដុល្លារ​ក្នុង​មួយ​ខែ ។ ប្រទេស​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​អ្នក​មាននៅ​ឆ្នាំ​២០៥០ ដោយ​ផ្អែក​លើ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ។

លើស​ពី​រដ្ឋាភិបាល​អាណត្តិ​មុន រដ្ឋាភិបាល​អាណត្តិ​ទី​៧ បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ប​ច្ច​កោណ​នៅ​ក្នុង​ការ​ដឹកនាំ​ប្រទេស ។ យុទ្ធសាស្ត្រ​ប​ច្ច​កោណ គឺ​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​បង្កើត​ការងារ​ធានា​សមធម៌ បង្កើន​ប្រសិទ្ធភាព និង​រក្សា​ចីរភាព ។ នេះ​បើ​តាម​ការ​ប្រកាស​ឱ្យ​ដឹង​របស់​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា ។ សម្តេច ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​អាណត្តិ​ទី​៧ បាន​ប្រកាស​ពី​យុទ្ធសាស្ត្រ​ប​ច្ច​កោណ ។ យុទ្ធសាស្ត្រ​ចុ​តុ​កោណ​សំដៅលើ​ទឹក ផ្លូវ ភ្លើង មនុស្ស ។ ចំណែក​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១​នេះ គឺ​មនុស្ស​, ផ្លូវ​, ទឹក​, ភ្លើង និង​បច្ចេកវិទ្យា ។

ប្រមុខ​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា យុទ្ធសាស្ត្រ​ចតុកោណ​ទាំង​៤​ដំណាក់កាល​របស់​សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​បាន​សមិទ្ធផល​ធំ​ៗ​លើ​គ្រប់​វិស័យ​ទាំង​នយោបាយ សង្គម និង​សេដ្ឋកិច្ច ដែល​នាំ​ឱ្យ​កម្ពុជា​សម្រេច​បាន​នូវ​ការ​ផ្លាស់​ប្តូរ​មុខមាត់​ថ្មី ។ ពេល​នេះ​ដំណើរការ​កសាង​ប្រទេស​បាន​ឈាន​ដល់​ដំណាក់កាល​ថ្មី​មួយ​នៅ​ក្នុង​បរិការណ៍​នៃ​ពិភពលោក​ដែល​កាន់តែ​ប្រែប្រួល​លំបាក និង​មិន​ប្រាកដប្រជា ។ កម្ពុជា​ត្រូវ​ប្រឈម​នឹង​បញ្ហា​ថ្មី​យុទ្ធសាស្ត្រ​ប​ច្ច​កោណ​បាន​សម្លឹង​សម្រាប់​រយៈពេល​២៥​ឆ្នាំទៅ​មុខ ឆ្ពោះ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ។
នៅ​ក្នុង​អាណត្តិ​ទី​៧​នេះ ជា​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ផ្អែក​លើ​ភាព​ចាំបាច់ ជាក់ស្តែង​មួយ​ចំនួន​ដូច​ជា ការ​បន្ត​ពង្រឹង និង​ពង្រីក​សមិទ្ធផល​នានា​ពី​អាណត្តិ​កន្លង​មក​, ការ​បន្ត​កែទម្រង់​ស្ថាប័ន និង​អភិបាលកិច្ច​សម្រេច​ឱ្យ​បាន​រដ្ឋបាល​សាធារណៈ​មួយ​ដែល​មាន​សមត្ថភាព​ខ្ពស់​ខ្លាំង​វៃឆ្លាត និង​ស្អាតស្អំ​, ការ​បន្ត​កសាង និង​ពង្រឹង​មូលដ្ឋាន​គ្រឹះ​សម្រាប់​ជំរុញ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ដោយ​ផ្តោត​សំខាន់​លើ​ការ​កសាង​មូលដ្ឋាន​មនុស្ស​រាំង​មាំ​, ការ​បន្ត​បង្កើន​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ភាព​ប្រកួតប្រជែង​របស់​កម្ពុជា និង​ការ​កសាង​ភាព​ធន់​ទៅ​នឹង​ការ​ប្រែប្រួល​នៃ​កត្តា​សង្គម​-​សេដ្ឋកិច្ច និង​បរិស្ថាន​ធម្មជាតិ រួម​ទាំង​ភាព​ចាំបាច់​ក្នុង​ការ​ដាក់​ចេញ​នូវ​របៀបវារៈ​គោលនយោបាយ​សង្គម​-​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​មួយ ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ។

សម្តេច​ធិ​បតី បាន​លើក​ឡើង​បន្ត​ថា យុទ្ធសាស្ត្រ​នេះ​មាន​បេសកកម្ម​ជា ប្រវត្តិសាស្ត្រ​ចម្បង​ពីរ គឺ​ទី​មួយ​រក្សាសុខ​សន្តិភាព និង​ទី​ពីរ​កសាង និង​ពង្រឹង​មូលដ្ឋាន​គ្រឹះ​សម្រាប់​ជំរុញ​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ទៅ​មុខ​ទៀត ពិសេស​ការ​សម្រេច​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០ ។ ទោះបីជា​ពេលវេលា​នៅ​យូរ​ទៀត​ក្តី គោលនយោបាយ​ទាំងនេះ​កំពុង​ឆ្លុះ​បញ្ចាំង ថា​កម្ពុជា ធ្វើ​ដំណើរ​លើ​ផ្លូវ​ដ៏​ត្រឹមត្រូវ​ឆ្ពោះទៅ​អនាគត​ដ៏​ល្អ​ប្រសើរ​នេះ ។

ជាមួយ​នេះ​ការ​ប្តេជ្ញា​ចិត្ត​ផ្នែក​នយោបាយ និង​កា​រួម​គ្នា​ជា​ធ្លុង​មួយ​របស់​ប្រជាជន និង​រដ្ឋ​ភិ​បាល​កម្ពុជា​មុខជា​នឹង​សម្រេច​សុបិន​ប្រកបដោយ​មហិច្ឆតា​នេះ ហើយ កម្ពុជា​នឹង​មានមុខមាត់​ថ្មី គឺជា​ប្រទេស​អ្នកមាន ។ ដូច្នេះ បើ​ចង់​មាន​ត្រូវ​ប្រឹង​ធ្វើការ​ទាំងអស់​គ្នា ៕