រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាដល់មន្ត្រីរបស់ខ្លួនឱ្យផ្អាកការអនុញ្ញាតបើកសាលាឯកជនបន្តទៀត ជាពិសេសនៅរាជធានីភ្នំពេញ។ ដោយសារមានមូលហេតុសំខាន់មួយ ដែលជំរុញឱ្យលោករដ្ឋមន្ត្រីចេញបទបញ្ជាដូច្នេះនោះ គឺលោកខ្លាច លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀននៅសាលារដ្ឋរត់ចេញអស់ពីសាលារដ្ឋ ទៅបង្រៀននៅសាលាឯកជនវិញ។ លោករដ្ឋមន្ត្រី មិនត្រឹមតែខ្លាចគ្រូបង្រៀនរត់ចោលសាលារដ្ឋនោះទេ លោកក៏ខ្លាចកូនសិស្សរត់ចេញពីលាលារដ្ឋទៅរៀនសាលាឯកជនអស់ដែរ។
ដើម្បីទប់ស្កាត់ចរន្តគ្រូ និងសិស្សរត់ចោលសាលារដ្ឋនេះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ដែលកំពុងធ្វើកំណែទម្រង់គុណភាពអប់រំនៅកម្ពុជា ឱ្យមានភាពប្រសើរឡើងនោះ បានស្នើឱ្យអង្គភាពជំនាញក្រសួងអប់រំសិក្សាផងដែរថា តើការបណ្តុះបណ្តាលគ្រូបង្រៀន នៅតាមសាលាគរុកោសល្យនានាទូទាំងប្រទេស មានគុណភាពបែបណា?។
វិធានការរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការផ្អាកចេញអាជ្ញាប័ណ្ណបង្កើតសាលាឯកជននេះ ហាក់ជាកំណែទម្រង់ថ្មីមួយទៀតរបស់ក្រសួងនៅក្នុងនីតិកាលទី៧នេះ។ យុទ្ធសាស្ត្រ បញ្ចកោណរបស់រដ្ឋាភិបាលនីតិកាលទី៧នេះ ក៏បានផ្តោតសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្សនេះដែរ។ គេបានឮសារពីនាយករដ្ឋមន្ត្រីថ្មី ជាញឹកញាប់ពីការពង្រឹងគុណភាពអប់រំ នៅសាលារដ្ឋនៅក្នុងនីតិកាលទី៧នេះ។
ការអប់រំនៅសាលារដ្ឋ ជាពិសេសនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ត្រូវបានពលរដ្ឋថា គុណភាពនៅមានកម្រិត ខណៈពេលដែលពួកគាត់ក៏បានថ្ងូរពីការចំណាយខ្ពស់សម្រាប់ការសិក្សារបស់កូននៅសាលាឯកជននោះផងដែរ។ ហើយក៏មានមាតាបិតាសិស្សមិនតិចនោះទេ ដែលបាននិយាយថា ប្រសិនជាសាលារដ្ឋមានគុណភាពល្អប្រសើរ ពួកគាត់មិនបញ្ជួនកូនៗឱ្យទៅរៀននៅសាលាឯកជននោះឡើយ។ ការបញ្ជួនកូនឱ្យទៅសិក្សានៅសាលាឯកជននេះ បានក្លាយជាបន្ទុកចំណាយប្រចាំគ្រួសាររបស់ពលរដ្ឋ។
វិធានការរបស់ក្រសួងអប់រំ នៅក្នុងការផ្អាកមិនឱ្យបើកសាលាឯកជនជាបណ្តោះអាសន្ន ពេលនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងបានកំពុងអនុវត្តវិធានការកែទម្រង់លើគុណភាពសិក្សានៅកម្ពុជាពេលប្រឡងសញ្ញាបត្រទុតិយភូមិ អស់ជាច្រើនឆ្នាំមកហើយ។ ក្រោមពាក្សស្លោកថា «អ្នកចេះគឺជាប់» យន្តការម៉ឺងម៉ាត់ក្នុងការកែទម្រង់ពេលប្រឡងបាក់ឌុប ទទួលបានការអបអរសាទរពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយសារវាបានជំរុញឱ្យសិស្សានុសិស្សខិតខំរៀនសូត្រ និងបានលុបបំបាត់ភាពអសកម្មនានា ដែលធ្លាប់កើតពីមុននៅពេលប្រឡង ដូចជាអំពើពុករលួយ ការបើកចម្លងជាដើមនោះ។ បច្ចុប្បន្ននេះ ទាំងសិស្សានុសិស្ស និងមាតាបិតារបស់ពួកគេ មានជំនឿថា «បើចេះនឹងជាប់»។
តើការផ្អាកជាបណ្តោះអាសន្នចំពោះការបើកសាលាឯកជននាពេលនេះ ជាផ្លូវមួយដើម្បីឈាន ទៅការពង្រឹងគុណភាពការអប់រំនៅសាលារដ្ឋមែន ឬយ៉ាងណា? ក្រសួងអប់រំនៅមិនទាន់ បញ្ជាក់លម្អិតពីហេតុផលនៃការផ្អាកមិនឱ្យបើកសាលាឯកជនបន្តទៀតនោះទេ ក្រៅពីលោករដ្ឋមន្ត្រី បានលើកឡើងថា «លោកខ្លាចគ្រូ និងសិស្សរត់ចេញពីសាលារដ្ឋ» ។
ប៉ុន្តែកន្លងមក មានការសង្កេតឃើញថា កូនចៅពលរដ្ឋមួយចំនួនធំ ដែលរស់នៅភ្នំពេញ ទីរួមខេត្ត និងកន្លែងប្រជុំជន បានងាកទៅរៀននៅសាលាឯកជនវិញ។ ពលរដ្ឋខ្លះបានលើកឡើងថា «មូលហេតុដែលពួកគេ បញ្ជួនកូនទៅរៀនសាលាឯកជន ដោយសារសាលាឯកជន មានគ្រូល្អ ហើយការសិក្សានៅសាលារដ្ឋ ពួកគាត់ក៏នឹងចំណាយថវិកាច្រើន ដោយសារលោកគ្រូ អ្នកគ្រូមួយចំនួន នៅតែតម្រូវឱ្យកូនសិស្សបង់ប្រាក់ជាប្រចាំថ្ងៃ»។ ឪពុកម្តាយផ្សេងទៀតលើកឡើងថា «ការបញ្ជួនកូនទៅរៀននៅសាលាឯកជន ដោយសារពួកគេគ្មានពេលគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងកូន។ បញ្ជួនកូនទៅសាលាឯកជន មានសុវត្ថិភាព ហើយនៅទីនោះ កូនៗពួកគាត់បានសិក្សាភាសាបរទេស ដូចជាអង់គ្លេស ចិន បារាំង ជាមួយសាភាខ្មែរ នៅកន្លែងមួយ តែម្តង»។
តាមពិតទៅគ្រប់សាលាឯកជន ក៏មិនមែនជាកន្លែងបណ្តុះបណ្តាល អប់រំ ដែលមានគុណភាព ល្អទាំងអស់នោះដែរ ហើយគ្រប់សាលារដ្ឋ ក៏មិនមែនសុទ្ធតែគ្មានគុណភាពនោះទេ។ គ្រូបង្រៀននៅសាលាឯកជន សុទ្ធតែជាគ្រូដែលបង្រៀននៅសាលារដ្ឋ។ បើគ្មានបទពិសោធន៍បង្រៀនសាលារដ្ឋទេ ក៏ទំនងសាលាឯកជនមិនជ្រើសរើសយកទៅបង្រៀននៅសាលារបស់គេដែរ។ ភាពអសកម្ម ដែលពលរដ្ឋបានលើកឡើងអាចក្លាយជាប្រធានបទមួយសម្រាប់ក្រសួងអប់រំធ្វើការសិក្សាផងដែរ។
ទីមួយ សិក្សាថា តើហេតុអ្វី បានជាគ្រូបង្រៀននៅសាលាឯកជន យកចិត្តទុកដាក់បង្រៀនសិស្សជាងសាលារដ្ឋ?។ ទីពីរ សិក្សាថា តើហេតុអ្វីបានជាពលរដ្ឋកក់ក្តៅលើសាលាឯកជនជាងសាលារដ្ឋ? និងទីបី សិក្សាថា ហេតុអ្វីបានជានៅតែមានលោកគ្រូអ្នកគ្រូខ្លះ ត្រូវឱ្យសិស្សបង់ថ្លៃសិក្សាប្រចាំថ្ងៃនោះ?។ បើភាពអសកម្មមួយចំនួនដូចលើកឡើងខាងលើ បានដោះស្រាយ ដើម្បីពង្រឹងគុណភាពសិក្សាធិការនៅសាលារដ្ឋនោះ ពលរដ្ឋជាច្រើននឹងបញ្ជួនកូនទៅរៀនសាលារដ្ឋវិញជាមិនខាន ហើយក្តីកង្វល់របស់ពលរដ្ឋក្នុងការរកប្រាក់ ដើម្បីបញ្ជួនកូនទៅរៀននៅសាលាឯកជន ក៏បានដោះស្រាយ។
គុណភាពអប់រំ គឺជាបញ្ហាសង្គមធំមួយ ពីព្រោះថា នរណាក៏ចង់ឱ្យកូនចៅបានសិក្សាប្រកបដោយគុណភាព ជាពិសេសពលរដ្ឋត្រូវការសេវាសិក្សាធិការនេះ ជាការទទួលខុសត្រូវរបស់រដ្ឋ។ ការពង្រឹងគុណភាពសាលារដ្ឋ ជាការកសាងធនធានមនុស្សនៅកម្ពុជា ប្រកបប្រសិទ្ធភាព និងស្មើរភាព ដោយហេតុថា កូនខ្មែរទាំងអស់នឹងទទួលបានការអប់រំក្នុងស្តង់ដាតែមួយ ទោះនៅសាលារដ្ឋ ឬសាលាឯកជន។ នៅពេលសាលាទាំង២ប្រភេទនេះ មានគុណភាពដូចគ្នា គេទុកឱកាសសម្រាប់ពលរដ្ឋដែលមានប្រាក់ច្រើន បញ្ជួនកូនទៅរៀនសាលាឯកជនចុះ ពីព្រោះនោះជាទីផ្សារសេរី និងជាជម្រើសរបស់ពួកគេ។
ប៉ុន្តែបើសិនជាសាលារដ្ឋ បន្តមានគុណភាពអប់រំអន់នោះ កូនអ្នកក្រីក្រនៅតែទទួលបានគុណភាពការអប់រំទាប។ ដូច្នេះពួកគេនឹងពិបាករំដោះខ្លួនចេញពីភាពក្រីក្រ។
ផ្ទុយមកវិញ បើកូនអ្នកក្រអាចទទួលបានការអប់រំប្រកបដោយគុណភាព ដូចកូនអ្នកមានដែរនោះ វាមានន័យថា កូនអ្នកក្រីនឹងមានចំណេះដឹងប្រកបដោយគុណភាពដែលនឹងអាចអោយពួកគេរកការងារធ្វើបានប្រាក់ខែច្រើន សម្រាប់ចិញ្ចឹមខ្លួន និងគ្រួសារ៕