រឿងលិចរាជធានី និងទីក្រុងនៅពេលភ្លៀងធ្លាក់ខ្លាំង គឺជារឿងធម្មតានៅអាស៊ាន ។ រឿងទីក្រុង មួយលិចទឹកវាមិនសាមញ្ញដូចយើងគិតឡើយ ។ គម្រោងអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ធធ្វើអោយរាជធានីភ្នំពេញលែងលិចនៅពេលភ្លៀងខ្លាំងនៅក្នុងរយៈពេលខ្លីគឺពិតជាពិបាកនឹងធ្វើអោយសម្រេច ទោះបីជាអាជ្ញាធរមានការតាំងចិត្តដោះស្រាយក្តី ។
ថ្មីៗនេះ មានការលើកឡើងនូវការប្តេជ្ញាចិត្តដាក់ចេញនូវផែនការផ្សេងៗសំដៅធ្វើយ៉ាងណាលែងអោយរាជធានីភ្នំពេញ ស្ថិតនៅក្នុងស្ថានភាពលិចលង់ជាបន្តទៀត ហើយពលរដ្ឋក៏បានចេញមកសាទរ និងអបអរហើយលើកទឹកចិត្តអោយគម្រោងនេះអនុវត្តអោយបានលឿនតាមដែលអាចធ្វើទៅបាន ពីព្រោះនៅពេលនេះ អោយតែភ្លៀងធ្លាក់មកនរណាក៏បារម្ភពីរឿងលិចផ្លូវ លិចផ្ទះផងដែរ ។
នៅពេលនេះអ្នកនៅរាជធានីសុទ្ធតែមានអារម្មណ៍ដូចៗគ្នាថា «ផ្ទះអញមិនដឹងយ៉ាងណាទេ? ឫអញត្រូវធ្វើដំណើរតាមផ្លូវណាកុំអោយស្ទះហើយលិចទឹក? » នៅពេលដែលឃើញមេឃងងឹត ទោះជាពេលកំពុងតែធ្វើការក៏បែកអារម្មណ៍ដែរដោយសារភ័យខ្លាចការលិចផ្ទះ ការលិចផ្លូវ និងការកកស្ទះចរាចរណ៍ ។
ដូច្នេះហើយនៅពេលដែលបានឭគម្រោងទាំងនេះ យើងក៏រីករាយ និងរង់ចាំទទួលយផងដែរ ។ ពីព្រោះនរណាមិនសប្បាយ បើរាជធានីលែងលិចទឹក ដូច្នេះយានយន្តក៏លែងខូចផ្ទះក៏លែងលិច លែងបោសលែងសំអាតអត់ដេកអត់ពួន ។ ប៉ុន្តែយើងទាំងអស់គ្នាត្រូវតែត្រៀមចិត្តទុកអោយហើយថា វាមិនមែនងាយស្រួលដូចថា នោះឡើយ ។
មកដល់ពេលនេះ រាជធានីភ្នំពេញអាចចាត់ចូលជា រាជធានីចំណាស់មួយនៅក្នុងតំបន់ដែលមានប្រព័ន្ធលូទ្រុឌទ្រាមច្រើនដូចជាទីក្រុងនានានៅក្នុងតំបន់ដែលរួមមាន ហាណូយ ហូជីមិញ បាងកក ហ្សាកាតា ហើយសូម្បីតែទីក្រុងសាំងហ្គាពួរ ជាដើមដែលមាន ហេដ្ឋារ ចនាសម្ពូ័ន្ធ គ្រប់គ្រងបញ្ហានេះបានល្អជាងគេ និងទំនើបជាងគេនោះ ក៏បានលិចទឹក ជាបន្តបន្ទាប់មកដែរនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ។
នៅកម្ពុជាយើង សម្រាប់រាជធានី បើតាមរបាយការណ៍ពីមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញគឺត្រូវធ្វើការងារច្រើនណាស់ ដើម្បីដោះស្រាយបញ្ហាលិចលង់ ដោយជំនន់ទឹកភ្លៀង ។ គិតមកដល់ពេលនេះ ប្រព័ន្ធលូជាង៩២៤គីឡូម៉ែត្រត្រូវបានស្ថាបនា ហើយការស្ថាបនានេះនឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ទៀត ដោយសារតែទីក្រុងរីក ហើយកន្លែងខ្លះគ្មានប្រព័ន្ធលូនៅឡើយ រីឯលូខ្លះទៀតតូច ហើយបែកដោយកន្លែងថែមទៀត ។
មានរបាយការណ៍ថា រាជធានីបានដោះស្រាយបញ្ហាលិចលង់បានចំនួន៣២កន្លែងហើយ ប៉ុន្តែមិនមែនមិនអោយលិចទេ គឺលិចដែរតែលិចរយៈពេលខ្លីដោយសម្រួលការហូរចេញវិញលឿនប៉ុណ្ណោះ ជាក់ស្តែងដូចជានៅផ្សារកណ្តាលជាដើម ក៏នៅតែលិចដដែលទេ ទោះជាជប៉ុនបានជួយកសាងប្រព័ន្ធលូជាបន្តបន្ទាប់ក៏ដោយ គ្រាន់តែក្រោយពេលភ្លៀង វាស្រកលឿនជាងមុនប៉ុណ្ណោះ ។
នៅពេលនេះ បើតាមសេចក្តីរាយការណ៍មួយចំនួនបានអោយដឹងថា អ្នកជំនាញកម្ពុជាបានកំពុងតែធ្វើកិច្ចការនេះហើយ ដោយក្រសួងធនធានទឹក និងឧតុនិយមកំពុងតែសហការជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងបណ្តាដៃគូអភិវឌ្ឍន៍ជាច្រើនទៀត និងអ្នកដែលពាក់ព័ន្ធដោយរួមទាំងអាជ្ញាធររាជធានីភ្នំពេញផ្ទាល់ស្តីពីការងាររំដោះទឹកជំនន់ ដែលជាជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
អ្នកជំនាញកម្ពុជាបានកំពុងតែជំរុញផែនការរយៈពេលមធ្យម ដើម្បីធ្វើទំនើបកម្មវិស្វកម្មលើប្រព័ន្ធរំដោះទឹកទាំងឡាយ ដើម្បីធ្វើឱ្យធូរស្រាលនូវទឹកជំនន់គ្រប់ប្រភេទក្នុងរាជធានីភ្នំពេញ និងទីក្រុងរណបបាននៅក្នុងរយៈពេលពី១៥ទៅ២០ឆ្នាំ ។ តាមការលើកឡើងពីសំណាក់ក្រុមមន្ត្រីដែលពាក់ព័ន្ធនឹងគម្រោងបានឲ្យដឹងថា គម្រោងនេះ គឺអាចនឹងដំណើរការនៅក្នុងពេលឆាប់ៗ ហើយបញ្ហានេះ គឺជាបញ្ហាអាទិភាពមួយ ប៉ុន្តែទន្ទឹមនេះប្រជាពលរដ្ឋក៏កុំសុទិដ្ឋិនិយមពេកដែរ ។
ដរាបណាប្រជាពលរដ្ឋនៅតែមានកំណើន ទីក្រុងនៅតែរីក ហើយការប្រែប្រួលអាកាសធាតុ នៅតែចោទ ក្រៅពីអាជ្ញាធរគិត យើងខ្លូនយើងក៏ត្រូវតែគិតខ្លួនឯងហើយក៏ត្រូវចូលរួម ពីព្រោះវាមិនមែនជាបញ្ហាតែអាជ្ញាធរដែរ ។ ដើម្បីគេចចេញពីបញ្ហាលិចលង់នេះ រាល់គម្រោងសង់ផ្ទះ ឬអភិវឌ្ឈន៍នានាត្រូវរិះគិតអំពីបញ្ហាប្រព័ន្ធលូ នេះអោយច្បាស់លាស់ ហើយម្យ៉ាងវិញទៀតក៏កុំភ្លេចគិតអំពីកម្រិតនីវូត្រូវលិចលង់នេះអោយខ្ពស់អោយហើយ ដើម្បីបង្ការបញ្ហាទុកជាមុន ៕ ដោយៈ ហេង ចេស្តារ