ការដួលរលំនៃហាងមីនីម៉ាត (ហាងតូចៗលក់របស់ប្រើប្រាស់ និងអាហារហូបចុក) នៅកម្ពុជា និងសូម្បីតែមីនីម៉ាតជប៉ុន នៅប្រទេសថៃ អាចជាសញ្ញាអាសន្នមួយសម្រាប់អ្នកចង់រកស៊ីមីនីម៉ាតនេះ ដើម្បីអោយគេគិតគូរពិចារណាអោយបានច្បាស់លាស់មុននឹងបោះទុនរាប់ម៉ឺនដុល្លារ ដើម្បីធ្វើអាជីវកម្មមួយនេះ ដែលមើលពីក្រៅទៅហាក់ដូចជា ស្រួលរកលុយ ប៉ុន្តែតាមពិតវាមិនស្រួលដូចយើងគិតឡើយ ។
មីនីម៉ាត ( ហាងលក់ទំនិញខ្នាតតូច) នៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ ជាដើមត្រូវបានគេបើកព្រោងព្រាតដោយមានជាលក្ខណៈក្រុមហ៊ុន និង ជាលក្ខណៈគ្រួសារ ប៉ុន្តែទន្ទឹមពេលជាមួយគ្នានោះគេក៏ឃើញមានហាងមីនីម៉ាត ជាច្រើន បានដួលរលំដែរ ។
ដូច្នេះ អ្នកចង់ចាប់ផ្តើមរកស៊ីទាំងអស់ដែលចង់បើកមីនីម៉ាតត្រូវតែប្រុងប្រយ័ត្នដោយធ្វើការ សិក្សាអោយច្បាស់លាស់អំពីទីតាំងអំពីតិថិជន អំពីតម្លៃ អំពីទំនិញដែលត្រូវការសម្រាប់មីនីម៉ាត ការគ្រប់គ្រង និងដឹកនាំអាជីវកម្មមួយនេះ ។ បើសិនជាយើងចេះតែរកស៊ីតាមគ្នានោះយើងនឹងអាចខាតឡុងចុងប្រមូលលុយ ដើមវិញមិនបានឡើយ ។
អាជីវកម្មមីនីម៉ាតមិនមែនជាគំរូអាជីវកម្មដែលយើងចេះតែបើកតាមគ្នាបានដោយងាយ ស្រួលនោះឡើយ ។ ឃើញគេបើកនៅតាមបុរី កាច់ជ្រុង ឬទីប្រជុំជននានាតិចនាំគ្នាគិតថា វាងាយស្រួលណា ពីព្រោះរបរឬអាជីវកម្មប្រភេទនេះទាមទារការចំណាយដើមទុនធំ ប៉ុន្តែទទួលបានមកវិញនូវកាក់ល្អិត ពោល គឺចំណូលជាកាក់ជាសេនប៉ុណ្ណោះ ។
តាមទ្រឹស្តីអាជីវកម្ម មីនីម៉ាត គឺជាហាងផ្តល់សេវាកម្មលក់ទំនិញរាយដែលម្ចាស់អាជីវកម្ម ព្យាយាមបង្ខិតសេវាកម្មនេះអោយទៅជិតអតិថិជនជាអ្នកប្រើប្រាស់ ពោល គឺជាសេវាកម្មដែលមានគោលបំណងផ្តល់នូវភាពងាយស្រួលដល់អ្នកដែលត្រូវការអាហារសម្រន់ គ្រឿងទេស របស់របរប្រើប្រាស់ផ្ទាល់ខ្លួន ដែលមានទំនិញរាប់រយទៅរាប់ពាន់ប្រភេទ ដោយរាប់ទាំងសំឡី អនាម័យ ស្រោមអនាម័យ ឈើចាក់ធ្មេញ ភេសជ្ជៈ គ្រឿងស្រវឹង …ដែលគេដាក់ លក់បញ្ចូលគ្នា នៅក្នុងទីតាំងមួយដែលមានទំហំយ៉ាងហោចណាស់ ក៏១៥០ ម៉ែត្រការ៉េឡើងទៅដែរ ។ ជាទូទៅ មីនីម៉ាតត្រូវតែមានទំនិញច្រើនមុខ ដើម្បីអោយអថិជនចង់បានអ្វីជារបស់ប្រើប្រាស់ ឬអាហារក៏អាចរកបាននៅមីនីម៉ាត ។
ដើម្បីអោយគំរូអាជីវកម្មនេះអាចដើរទៅមុខបានជោគជ័យ ដាច់ខាតគេត្រូវការដឹងថា តំបន់ ដែលយើងចង់បើកនេះមានហាងប្រភេទនេះដែរឬទេនៅក្នុងទំហំដែនកំណត់មួយ អាស្រ័យ នៅលើបរិមាណដង់ស៊ីតេប្រជាពលរដ្ឋ ឬទីតាំងដែលមនុស្សឆ្លងកាត់ច្រើន ។
ការបើកហាងមីនីម៉ាត អាចជាការបណ្តាក់ទុនអាជីវកម្មដែលរកកម្រៃបាន ជាពិសេសប្រសិនបើអ្នកបើកនៅទីតាំងដែលមានការប្រកួតប្រជែងតិចតួច ។ ដើម្បីបើកបាន គឺក្រៅពីមានទីតាំងហើយនោះក៏ត្រូវតែមានច្បាប់អនុញ្ញាតត្រឹមត្រូវ ត្រូវស្វែងរកដៃគូរដាក់ទំនិញអោយនៅក្នុងតម្លៃទាបច្រើនមុខ ហើយក៏ទាមទារសមត្ថភាពចរចា និងបញ្ចុះបញ្ចូលអត់ធ្មត់ខ្ពស់ពីព្រោះអាជីវកម្មនេះមិនមែនអាចដំណើរការដូចជា ការបើកហាងលក់ចាប់ហ៊ួយ ជាប្រពៃណី ដែលយើងនឹកឃើញបើកតៗគ្នាបានឡើយ ។
អ្នកដែលបើកអាជីវកម្មប្រភេទនេះទាមទារស្វែងយល់អំពីទំនិញរាប់រយមុខ រកដៃគូផ្គង់ផ្គង់ ទំនិញទាំងនេះ ហើយក៏ទាមទារចំណេះដឹង និងជំនាញខាងគ្រប់គ្រងទំនិញ ពោល គឺស្តុក ច្បាស់លាស់ បើមិនដូច្នេះទេ លក់ដាច់ ប៉ុន្តែមិនឃើញលុយ ឬលុយចេញទៅហើយអត់ ឃើញចំណូល ។ ពេលខ្លះអ្នកបើកអាជីវកម្មនេះ ក៏ទាមទារត្រូវចេះកម្មវិធីផ្សព្វផ្សាយ ហើយគ្រប់គ្រងកាលបរិច្ឆេទនៃមុខទំនិញអោយច្បាស់លាស់ពីព្រោះនៅពេលណាដែលអតិថិជនចាប់ទំនិញពិនិត្យមើលកាលបរិច្ឆេទហួសកាលកំណត់តែម្តង ឬពីរដងគេនឹងឈប់ចូលតែម្តង ។ នោះអាជីវកម្មនឹងខាតបង់ ។
នៅកម្ពុជានៅពេលនេះ ហាងមីនីម៉ាតបែបនេះឃើញថា មានកាន់តែច្រើន ហើយក្រុមហ៊ុនធំៗដូចជា ឡាក់ឃីស្មាយ (Smile) សឺខលខេ (Circle K) ជាដើមក៏បានព្យាយាមបំបែកសាខា ហើយប្រជែជាមួយនឹងម្ចាស់អាជីវកម្មតូចៗដែលបើកជាលក្ខណៈគ្រួសារផងដែរ ។ ក្រៅពីនេះក្រុមហ៊ុនលក់ទំនិញរាយដូចជា សឺវែនអេឡឺវ៉េន (7-Eleven) ដែលជាហាងលក់ទំនិញរាយល្បីនៅថៃក៏បានចូលមកប្រជែងនៅកម្ពុជាដែរ ខណៈដែលប្រជាជនកម្ពុជាដែលមានប្រាក់ហើយមិនដឹងវិនិយោគអីក៏នាំគ្នាបើកជាបន្តបន្ទាប់ ហើយក៏មានដួលជាបន្ត បន្ទាប់ផងដែរ ។ មីនីម៉ាតបង្កើតក្នុងស្រុកជួបបរាជ័យច្រើនជាងជោគជ័យនៅក្នុងអាជីវកម្មមួយនេះ។